(ភ្នំពេញ)៖ សមាគមគ្រូពេទ្យតម្រងនោមកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំសន្និសីទរបស់សមាគម ប្រចាំឆ្នាំលើកទី៤ ក្រោមប្រធានបទ ដំណើរវិវឌ្ឍន៍ទៅមុខមួយជំហានទៀត នៃផ្នែកជំងឺតម្រងនោម នៅកម្ពុជា៖ Nephrology in Cambodia, one step forward ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារភ្នំពេញ។
សន្និសីទសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា លើកទី៤ ខាងលើនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈវិជ្ជាជីវៈ សុខាភិបាលកម្ពុជា។
វេជ្ជបណ្ឌិតផ្នែកតម្រងនោម លោក លីម វឌ្ឍនៈ និងជាប្រធានសមាគម គ្រូពេទ្យតម្រងនោមកម្ពុជា បានបញ្ជាក់ថា ក្នុងសន្និសីទនេះ វាគ្មិនជាតិ និងអន្តរជាតិ បានធ្វើការបង្ហាញ ពីការគ្រប់គ្រងលើអ្នកជំងឺលាងឈាម អ្នកជំងឺខ្សោយតម្រងនោម និងការផ្សាំតម្រងនោម ដែលជាបច្ចេកទេសថ្មី សំរាប់គ្រូពេទ្យកម្ពុជា។
លោក លីម វឌ្ឍនៈ បានឲ្យដឹងថា វាគ្មិនអន្តរជាតិ ដែលបានចូលរួមចែករំលែកបទពិសោធន៍ សុទ្ធសឹងជាសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេស ក្នុងផ្នែកតម្រងនោម មានបទពិសោធន៍ជ្រៅជ្រះ និងមានចំណេះដឹង ទូលំទូលាយ។ វាគ្មិនទាំងអស់នោះ អញ្ជើញមកពីប្រទេសផ្សេងៗដូចជា៖ ប្រទេសជប៉ុន ប្រទេសថៃ ប្រទេសអាឡឺម៉ង់ និងប្រទេសឥណ្ឌាជាដើម។
លោក លីម វឌ្ឍនៈ បានបន្ដថា សមាគមគ្រូពេទ្យតម្រងនោមកម្ពុជា ហៅកាត់ថា (ស.គ.ត.ក) បានបង្កើតឡើងនៅឆ្នាំ ២០១៦ មានគោលបំណងនិងចក្ខុវិស័យដូចតទៅ៖
* រិះរកវិធានការណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺមិនឆ្លង ដែលក្នុងនោះរួមមាន ជំងឺតម្រងនោមជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺទូទៅរ៉ាំរៃផ្សេងៗទៀត។
* កាត់បន្ថយអត្រាស្លាប់របស់អ្នកជំងឺ ដែលបណ្តាលមកពីជំងឺមិនឆ្លងនានា ។
* លើកកម្ពស់គុណភាពសេវាសុខភាពសាធារណៈ ឲ្យបានកាន់តែល្អប្រសើរ ស្របតាមទិសដៅរបស់ក្រសួងសុខាភិបាល និងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
* សមាគម ស.គ.ត.ក នឹងធ្វើការប្រើប្រាស់សក្តានុពល ក្នុងប្រទេសដែលក្នុងនោះរួមមាន ទាំងកត្តាធនធានមនុស្ស និងកត្តាធនធាននានា ដើម្បីជួយក្នុងការស្រាវជ្រាវ និងរកវិធីណាមួយសម្រប ការព្យាបាលឲ្យ សមស្របទៅតាមបច្ចេកទេស និងតាមគោលការណ៍របស់សមាគម៕