(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបាននិងកំពុងនៅទីតាំងអគ្គិភ័យ ដែលឆេះអគាររោងចក្រផលិតពូក កម្ពស់៦ជាន់យ៉ាងសន្ធោសន្ធៅ ជិត២៤ម៉ោងមិនទាន់រលត់ នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានបញ្ជាក់ឲ្យដឹងថា អគាររោងចក្រផលិតពូកនេះ ត្រូវបានសម្រេចឲ្យវាយកម្ទេចចោល នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះតែម្តង។
ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កំពុងតែមានវត្តមានដឹកនាំបញ្ជាផ្ទាល់ នៅកន្លែងកើតហេតុ ដើម្បីធ្វើការវាយកម្ទេចចោលនូវអគារ ដែលត្រូវអគ្គិភ័យឆាបឆេះនេះ។ ការវាយកម្ទេចនេះ បន្ទាប់ពីលោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារ និងវិស្វករជំនាញ ដើម្បីសិក្សាពីផលប៉ះពាល់នានា ជុំវិញបញ្ហាឆាបឆេះអគារផលិតពូកនេះផងដែរ។
បើតាមសេចក្តីរាយការណ៍ដដែល ស្ទើរតែ២៤ម៉ោងហើយ ពោលគិតមកត្រឹមម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ អគ្គិភ័យឆេះអគាររោងចក្រផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មិនទាន់រលត់ទេ ហើយសមត្ថកិច្ចកំពុងបន្តបាញ់ពន្លត់នៅឡើយ ខណៈអគារត្រូវបានឆេះខូចខាតទាំងស្រុង។
គួរជម្រាបថា គ្រោះអគ្គិភ័យឆេះអគាររោងចក្រផលិតពូកនេះ បានកើតឡើងតាំងពីម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ម្សិលមិញមកម្ល៉េះ។ អគ្គិភ័យនេះ បានផ្តើមឆេះចេញពីរោងចក្រសិប្បកម្មផលិតពូក ទើបរាលដាលដល់អាគារ ចំនួន៣ទៀតនៅជាប់នោះ។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News អគ្គិភ័យបាននិងកំពុងឆាបឆេះត្រឹមតែទីតាំងដដែល មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ។ ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចក៏បានជម្លៀសប្រជាពលរដ្ឋ នៅតំបន់នោះចេញពីកន្លែងកើតហេតុជាបណ្តោះអាសន្នសិន៕