(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនស្ត្រីចំណាស់ម្នាក់ ខណៈដែលស្រ្តីរូបនេះចូលខ្លួនទៅបំភ្លឺតាមការកោះហៅពីមន្រ្តីនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមការបញ្ជាក់ពីមន្រ្តី នគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ។
តាមពាក្យបណ្ដឹងប្រជាពលរដ្ឋចំនួន ៤នាក់ បានប្ដឹងចោទប្រកាន់ថា គាត់បានរំលោភលើទំនុកចិត្ត ដោយស្រ្តីខាងលើ បានប្រាប់ថា ខ្លួនជាមន្រ្តីរាជការ និងមានខ្សែស្រឡាយជាអ្នកធំនៅក្រសួងមហាផ្ទៃ រួចបានធានាថា នាំប្រជាពលរដ្ឋចំនួន ៤នាក់ខាងលើចូលបម្រើក្នុងក្របខណ្ឌនគរបាលជាតិ។ ស្រ្តីរូបនេះ បានទាមទារប្រាក់ដើម្បីរត់ការសរុប ១២០០០ដុល្លារ ហើយដោយសារតែមានបំណងចង់ចូល បម្រើរងារជានគរបាល ទើបជនរងគ្រោះយល់ព្រមពឹងឲ្យជួយ ស្រាប់តែស្រ្តីនេះយកលុយចាយអស់មិនបានជួយរត់ការអ្វីឡើយ ដែលរហូតមកទល់ពេលនេះមានរយៈពេលជាង ១ឆ្នាំមកហើយ។
ស្រ្តីរូបនេះឈ្មោះ ឈាង ផល្លា ហៅពៅ អាយុ៤៧ឆ្នាំ មានទីលំនៅផ្ទះលេខ៧៧ ផ្លូវ១២៣ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រីឯតំណាងជនរងគ្រោះដែលបានដាក់ពាក់ប្ដឹងនោះរួមមាន៖
*ទី១៖ ឈ្មោះ ម៉ែន សាលី ភេទស្រី អាយុ៦២ឆ្នាំ សព្វថ្ងៃមានទីលំនៅភូមិម្រេញ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង
*ទី២៖ ឈ្មោះ ប្រាក់ ស្រីនី ភេទស្រី អាយុ២៤ឆ្នាំ សព្វថ្ងៃមានទីលំនៅក្នុងភូមិជម្រៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ
*ទី៣៖ ឈ្មោះ ឡុង សភាឃោសា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
*ទី៤៖ ឈ្មោះ ឡុង មិថុនា ភេទស្រី អាយុ៥០ឆ្នាំ មុខរបរគ្រូបង្រៀន សព្វថ្ងៃមានទីលំនៅក្នុងភូមិក្រចាប់ក្រោម ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះទាំង ៤នាក់ត្រូវស្រ្តីខាងលើបោកអស់លុយសរុបចំនួន១២,០០០ដុល្លារ ប៉ុន្តែក្រោយពេលឃាត់ខ្លួន គាត់បាននិយាថា ខ្លួនទទួលលុយតែជាង៦ពាន់ដុល្លារទេ។ ចំណែកពាក់កណ្ដាលទៀត គឺដន្លងរបស់គាត់ដែលជាអ្នកនាំជនរងគ្រោះទៅជាអ្នកយក ហើយលុយជាង៦០០០ដុល្លារ ដែលគាត់បាននោះ គឺជនរងគ្រោះខ្លះឲ្យចំនួន ៩០០ដុល្លារ អ្នកខ្លះចំនួន ២៥០០ដុល្លារ និងខ្លះទៀតចំនួន៣២០០ដុល្លារ។
កាលពីខែមិថុនា ឆ្នាំ២០១៨ ស្រ្តីរូបនេះ បានអួតថា ខ្លួនជាមន្ត្រីរាជការ និងមានខ្សែស្រឡាយមន្រ្តីធំនៅក្រសួងមហាផ្ទៃ។ បន្ទាប់មកបានធានានាំជនរងគ្រោះចូលបម្រើក្នុងក្របខណ្ឌនគរបាលជាតិ ប៉ុន្តែក្រោយពីបានលុយដល់ដៃក៏បានយកស៊ីចាយអស់ ហើយមិនបានរត់ការឲ្យជនរងគ្រោះឡើយ។
ក្រោយពីបានដឹងថា ចាញ់បោកស្រ្តីនេះទើបនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបាននាំគ្នាដាក់ពាក្យប្ដឹងឲ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងរកយុត្តិធម៌ ហើយនគរបាលប៉ុស្តិ៍ខាងលើ បានបញ្ជូនសំណុំរឿងទៅកាន់ផ្នែកព្រហ្មទណ្ឌពោធិ៍សែនជ័យ។ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ទើបនគរបាលព្រហ្មទណ្ឌខណ្ឌ កោះហៅស្រ្តីរូបនេះឲ្យចូលទៅបំភ្លឺរួចក៏ឃាត់ខ្លួនតែម្ដង៕