(ព្រៃវែង)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយសហការី នៅព្រឹកថ្ងៃទី២៤ ខែសីហានេះបានអញ្ជើញទៅបំពេញបេសកកម្មរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែសីហា ទៅកាន់ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីពិនិត្យការងារបង្កបង្កើនផល សាកសួរសុខទុក្ខប្រជាពលរដ្ឋជាកសិករ ត្រួតពិនិត្យ និងតាមដាមការអនុវត្តការងារបច្ចេកទេស ការងារដឹកនាំ និងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមន្ទីរជំនាញនីមួយៗ។
សម្រាប់ព្រឹកនេះ លោករដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយលោក ជា សុមេធី អភិបាលព្រៃវែង បានចុះទៅពិនិត្យដំណាំដំឡូងកៃពឹង (ដំឡូងដូង) និងបន្លែត្រសក់ របស់កសិករ ទិត្យ ពៅ នៅភូមិបទសន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង។
លោក ទិត្យ ពៅ បានឲ្យដឹងថា ដោយទទួលបានបច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកបានប្រកាន់អាជីពដាំបន្លែត្រសក់ និងដំឡូងកៃពឹង ដែលអាចរកចំណូលបានជាង១០លានរៀលក្នុង១ឆ្នាំ ហើយក្រៅពីបន្លែត្រសក់ និងដំឡូងកៃពឹង លោក ទិត្យ ពៅ និងអ្នកភូមិនៅតំបន់នេះធ្វើស្រែ និងចិញ្ចឹមសត្វបន្ថែមផងដែរ។ ដំណាំគោលដំឡូងកៃពឹង បន្លែច្រើនប្រភេទ ដំណាំស្រូវ និងចិញ្ចឹមសត្វ សុទ្ធតែជាប្រភពចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារយ៉ាងរឹងមាំ និងថិតថេរ។
លោករដ្ឋមន្រ្តី និងលោកអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផល ដែលប្រជាកសិករទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូលទទួលបានល្អប្រសើរ មានការជួបជុំ និងសុភមង្គលក្នុងគ្រួសារ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនបងប្អូនថា សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីម្លប់សុខសន្តិភាព ដែលគ្របដណ្តប់ទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏ដូចជាលោកអភិបាលខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋនាំគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យបានស្ថិតថេរគង់វង្សតរៀងទៅ។ ចំពោះផលិតផលបន្លែ លោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ ជួយរៀបចំសហគមន៍ផលិត ដើម្បីមានឱកាសរកទីផ្សារ ធានាគុណភាពផលិតផល និងបង្កើនតម្លៃ បន្ថែម ក្នុងនោះក៏គួរពង្រឹងបច្ចេកទេសដាំដុះ និងវេចខ្ចប់ផងដែរ។
ចេញពីឃុំពពិល លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានបន្តដំណើរមកភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ យកស៊ុតរបស់កសិករ ឡាំង រ៉ា។ លោក រ៉ា បានឲ្យដឹងថា លោកចាប់យករបរចិញ្ចឹមមាន់ពងជាង៣ឆ្នាំ មកហើយ បច្ចុប្បន្នមានមេជាង៦ពាន់ក្បាល់ ផ្តល់ស៊ុតជាង៥ពាន់គ្រាប់ក្នុងមួយថ្ងៃ ស៊ុតមានតម្លៃជាង ៣៥០រៀល/គ្រាប់ (តម្លៃនេះឡើងចុះតាមរដូវកាល)។ អនាគតមានគម្រោងពង្រីកអាជីវកម្មនេះបន្ថែម ដោយសារស៊ុតមានទីផ្សារល្អ មានបទពិសោធន៍ក្នុងការចិញ្ចឹម គ្រួសារមានចំណូលកូនៗ មានលទ្ធភាពទៅសាលា និងមិនធ្វើចំណាកស្រុក។
លោករដ្ឋមន្រ្តីបានចូលរួមអបអរ និងលើទឹកចិត្តដល់លោក ឡាំ រ៉ា ឲ្យខិតខំបន្ថែមទៀតព្រោះផលិតកម្មមាន់ស៊ុត បានធ្វើឲ្យគ្រួសារមួយនេះ ប្រមូលចំណូលរាល់ថ្ងៃ សូម្បីតែលាមកមាន់ក៏មាន ទីផ្សារល្អដែរ។ គ្រួសារមានចំណូលរឹងមាំ នោះយើងនឹងឈានទៅកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក។
លោកបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរចុះមកផ្សព្វផ្សាយ បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម និងការផ្សំចំណីឲ្យដល់កសិករ ដើម្បីជាទុនផ្នែកបច្ចេកទេសយ៉ាងរឹងមាំថែមទៀត ដើម្បីធ្វើការពង្រីកលើការចិញ្ចឹមឲ្យមាន ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។
បន្ទាប់មកទៀត លោករដ្ឋមន្ត្រីបានធ្វើដំណើរមកពិនិត្យសិប្បកម្មភ្ញាស់ស៊ុតទា របស់លោក ចុងជន នៅភូមិស្នាយភ្លើង ឃុំព្រៃព្នៅ។ លោក ចុង ជន បានឲ្យដឹងថាគាត់ប្រកាន់យករបរភ្ញាស់ស៊ុតទានេះជាង១០ឆ្នាំមកហើយ ដោយមានការរីកចម្រើនជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្មអាចភ្ញាស់ ស៊ុតបាន៥ម៉ឺនកូនក្នុងរយ:ពេល ៣ថ្ងៃ ក្នុង១ខែបញ្ចេញកូនលក់ឲ្យកសិករជា៥០កូន កូនទាញី១៥០០-១៨០០រៀល/ក្បាល ហើយក្នុង១ឆ្នាំ អាចរកចំណូលបានពី១៨ពាន់ ទៅ២ម៉ឺនដុល្លារ។
សូមជម្រាបជូនថាខេត្តព្រៃវែងក្រៅពីដំណាំស្រូវ ផលិតកម្មសត្វ ពិសេសផលិតកម្មទាយកស៊ុត មានសក្តានុពលយ៉ាងខ្លាំង ជាក់ស្តែងទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមទាយលស៊ុត១៣៧កន្លែង សរុបមេទាជាង ២លានក្បាល។ ផលិតផលស៊ុត មួយផ្នែកធំដែលផ្គត់ផ្គង់ទៅឲ្យទីផ្សាររាជធានីភ្នំពេញនាពេលបច្ចុប្បន្នគឺជាផលិតផលស៊ុតចេញពីខេត្តព្រៃវែង។
លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែលើមុខរបរដ៏សំខាន់ដែលអាចជួយបង្កើតចំណូល ឲ្យដល់គ្រួសារ និងជាពិសេសចំណូលដ៏ខ្ពស់ដែលលោកពូ ចុង ជន ទទួលបាន ពិតជាបានសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៥០ ដែលចង់ឲ្យប្រជាជលយើងម្នាក់ៗមានចំណូល១ម៉ឺន ទៅ១.៥ម៉ឺនដុល្លារ។
ទាក់ទងការងារបច្ចេកទេស លោករដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរចុះជួយផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ពិសេសការការពារជំងឺ និងការធ្វើជីវសុវត្ថិភាពនៅកន្លែងចិញ្ចឹម ដេប៉ូចែកចាយចំណី និងកន្លែងភ្ញាស់កូន ដើម្បីការបន្ថយហានីភ័យដែលអាចកើតមានឡើង៕