(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយល់ព្រមធ្វើជាសាក្សីលើការភ្នាល់របស់ «ក្រុមសមាជិកអង្គព្រោកប្រាជ្ញ» ជុំវិញការប្រកាសវិលចូលស្រុក របស់ទណ្ឌិត សម រង្ស៉ី នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ទណ្ឌិត សម រង្ស៉ី ដែលកំពុងសម្ងំរស់ក្រៅស្រុកគេចពីសំណាញ់ច្បាប់របស់កម្ពុជា កាលពីថ្ងៃទី១៦ ខែសីហា សប្តាហ៍កន្លងទៅនេះ បានប្រកាសថា នឹងវិលចូលស្រុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ចុងឆ្នាំនេះ។ តែទោះជាយ៉ាងមានសាធារណមតិជាច្រើនមិនជឿលើការប្រកាសរបស់ ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី នោះឡើយ គេបានចាត់ទុកការប្រកាសរបស់ជនក្បត់ជាតិរូបនេះគ្រាន់តែជាលេសភូតកុហកប្រជាជនកម្ពុជាខ្លួនឯងតែប៉ុណ្ណោះ។

មិនត្រឹមតែមិនជឿលើការប្រកាសរបស់ទណ្ឌិតរត់គេចសំណាញ់ច្បាប់រូបនេះនោះទេ។ ក្រុមសមាជិកអង្គព្រោកប្រាជ្ញ» ដែលមានលោក ខាន់ សុវណ្ណ ជាប្រធានក្រុម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ តាមរយៈអង្គភាពព័ត៌មាន Fresh News បានបបួលទណ្ឌិត សម រង្ស៉ី ភ្នាល់លើការប្រកាសនេះ ដោយដាក់ទឹកប្រាក់១លានដុល្លារសហរដ្ឋអាមេរិក។ ពោលបើទណ្ឌិត សម រង្ស៉ី វិលចូលស្រុកវិញដូចការប្រកាស នោះ «ក្រុមសមាជិកអង្គព្រោកប្រាជ្ញ» ចាញ់ ហើយប្រគល់ថវិកា១លានដុល្លារជូនទណ្ឌិត សម រង្ស៉ី ផងដែរ។

រហូតមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ទណ្ឌិត សម រង្ស៉ី មិនទាន់ប្រកាសទទួលការភ្នាល់ខាងលើនេះនៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ តាមរយៈ Live Show របស់អង្គព្រោកប្រាជ្ញ បានប្រកាសព្រមធ្វើសាក្សីលើការភ្នាល់នេះ។ ប៉ុន្តែសម្តេចតេជោបានឌឺដងថា ការភ្នាល់នេះត្រូវប្រគល់ប្រាក់នៅពន្ធនាគារ។

សម្តេចតេជោ ហ៊ុន សែន Comment យ៉ាងដូច្នេះថា «ខ្ញុំយល់ព្រមធ្វើសាក្សីក្នុងការភ្នាល់នេះ។​ លុយត្រូវប្រគល់ជូននៅក្នុងពន្ធនាគារនាថ្ងៃ៩ ខែវិច្ឆិកា ២០១៩»។

ការបញ្ជាក់នៅឃ្លាចុងក្រោយរបស់សម្តេចតេជោ ហ៊ុន សែន គឺដូចទៅនឹងអ្វីដែលសម្តេចតែងតែបានបញ្ជាក់នាពេលកន្លងមកថា វិធានការច្បាប់ចំពោះទណ្ឌិត សម រង្ស៉ី នឹងគ្មានការប្រែប្រួលឡើយ ពោលទណ្ឌិតរូបនេះចូលដល់ប្រទេសកម្ពុជានាពេលណាសមត្ថកិច្ចនឹងអនុវត្តន៍ច្បាប់ចាប់ដាក់ពន្ធនាគារភ្លាមៗផងដែរ៕