(ភ្នំពេញ)៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍ បាននិងកំពុងរួមចំណែក យ៉ាងខ្លាំងក្នុងការជំរុញកំណើនទេសចរ ដែលទាមទារជាចាំបាច់ក្នុងការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពបន្ថែមដល់មន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, នេះបើតាម លោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងយ៉ាងដូច្នេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍន៍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា ឆ្ពោះទៅឧស្សាហកម្ម ៤.០» នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ក្នុងនោះក៏មានការចួលរួមពី លោក Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងលោក HUANG Changxiong ទីប្រឹក្សាមន្ទីរពាណិជ្ជកម្មខេត្តហៃណាន ប្រទេសចិនផងដែរ។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១២-២៣ ខែសីហា ដែលមានការបណ្ដុះបណ្ដាលទៅលើប្រធានបទសំខាន់ៗ៖

១៖ ការស្វែងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើតអាជីវកម្ម Online, E-Commerce។
២៖ របៀបនៃការសិក្សា និងវិភាគទីផ្សារ ជំរុញការផ្សព្វផ្សាយផលិតផល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដោយប្រើបច្ចេកវិទ្យាឌីជីថល។
៣៖ ការកែទម្រង់នៃការធ្វើធុរកិច្ចពី Offline to Online ដែលកំពុងមាននិន្នាកាកើនឡើង ដូចករណី Online Travel Agent (OTA)។
៤៖ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ដោយប្រើបច្ចេកវិទ្យា Internet of Things, VR and AR, GPS Technology។
៥៖ ការស្វែងយល់ពីអនាគតនៃវិស័យទេសចរណ៍ តាមរយៈការវិវត្តនៃឧស្សាហកម្ម ៤.០ ជាដើម។

រដ្ឋលេខាធិការបានឱ្យដឹងថា ទាំងនេះសុទ្ធតែជាបច្ចេកវិទ្យាថ្មីៗ ដែលពិភពលោកកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន និងទៅអនាគត ហើយបានក្លាយទៅជាកត្តាចម្បងចូលរួម ក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ប្រកបដោយការប្រកួតប្រជែងខ្ពស់។

លោកថា ការបណ្ដុះបណ្ដាលធនធានមនុស្សជាភារកិច្ចចម្បង ដែលមិនអាចមើលរំលងបាន ក្នុងការឆ្លើយតបនូវកំណើន ២ខ្ទង់ នៃទេសចរណ៍អន្តរជាតិដែលមកកម្ពុជាជារៀងរាល់ឆ្នាំ។

លោក ហោ មុនីរ័ត្ន ក៏បានណែនាំឱ្យមន្ត្រីរាជការ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះឱ្យបានល្អប្រសើរ ធ្វើយ៉ាងដើរឱ្យទាន់ការរីកចម្រើនរបស់ពិភពលោកនាសម័យទំនើបនេះ។

ស្របតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ នៅឆ្នាំ២០២០ ក្រសួងទេសចរណ៍ ត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន តាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព ហើយនៅឆ្នាំ២០២៥ ត្រូវសម្រេចឲ្យបានយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាព។

លោកបានលើកឡើងថា វិស័យទេសចរណ៍កម្ពុជាបាននាំចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណ ៤,៣៧៥លានដុល្លារ ស្មើនឹង ១២.៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ជាង ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប។

លោកក៏បានលើកឡើងពីសារសំខាន់នៃទីផ្សារចិន ដែលចាំបាច់ត្រូវបំពេញតាមតម្រូវការដ៏ធំធេង នៃផ្នែកផ្សព្វផ្សាយទីផ្សារ រចនាសម្ពន្ធ និងធនធានមនុស្ស ប្រកបដោយសមត្ថភាពក្នុងវិស័យទេសចរណ៍៕