(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានចេញលិខិតមួយ ជូនដំណឹងអំពីការសម្រេចឱ្យបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងឡាយណា ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងប្រទេសកម្ពុជា។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខាដោយ លោក ហ៉ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានផ្ញើទៅកាន់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីបញ្ជាក់អំពីការឯកភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងដាក់វិធានការផ្សេងៗ ចំពោះបទល្មើសព្រៃឈើនៅកម្ពុជា។

លិខិតនេះត្រូវបានធ្វើឡើងស្របតាមចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ចំពោះលិខិតរបស់ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។

ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនយ៉ាងដូច្នេះថា៖ «សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្រ្តី សូមជម្រាបជូន ឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលបានឃើញ និងឯកភាពលើរបាយការណ៍ ស្តីពីលទ្ធផលនៃការត្រួតពីនិត្យការងារទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ ដូចខាងក្រោម៖

១៖ មោឃភាព ឬលុបចោលនូវលិខិតបើកផ្លូវដឹកជញ្ជូនផល អនុផលព្រៃឈើ ចេញពីដីសម្បទាន «LP» និង លិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ «PC» ទាំងអស់ដែលចេញនាពេលកន្លងទៅដើម្បីរៀបចំចេញលិខិតអនុញ្ញាតសារជាថ្មី ងាយស្រួលគ្រប់គ្រង។

២៖ ឱ្យក្រសួង ស្ថាប័នជំនាញត្រួតពិនិត្យ មោឃភាព និងដកហូតសិទ្ធិពីក្រុមហ៊ុន ដែលមិនគោរពច្បាប់ មិនគោរពកិច្ចសន្យា មិនគោរពកិច្ចព្រមព្រៀង។

៣៖ អនុញ្ញាតប្រមូលវត្ថុតាង មធ្យោបាយនៃបទល្មើស ដែលបានកម្ទេចចោល យកមករក្សាទុកផ្ដុំកន្លែងមួយកំណត់ ដើម្បីទុកជាភស្តុតាងសម្រាប់បម្រើតុលាការ

៤៖ បង្កកទ្រព្យសម្បត្តិរបស់បុគ្គល ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តបទល្មើសព្រៃឈើ ក្រៅពីការផ្ដន្ទាទោស និងពិន័យជាប្រាក់។

៥៖ ឃោសនា អប់រំ និងបង្ហាញពីការយកចិត្តទុកដាក់ក្នុងកិច្ចការពារព្រៃឈើរបស់រាជរដ្ឋាភិបាល ព្រមទាំងបង្ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសព្រៃឈើ ចារឹកឈ្មោះឧក្រិដ្ឋជននៅលើផ្ទាំងសិលាដាក់តាំងនៅកន្លែងគំនររថយន្ត ដែលជាមធ្យោបាយបំផ្លាញព្រៃឈើ»។

ដោយឡែក ពាក់ព័ន្ធនឹងចំណុចមួយទៀត ដែលជាសំណើរបស់ គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពាក់ព័ន្ធនឹងការ បង្កើតរោងសន្និធិផល អនុផលព្រៃឈើដែលមានប្រភពពីដីសម្បទានក្រោមរូបភាពជាច្រកចេញចូលតែមួយនោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូន ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដឹកនាំការប្រជុំដើម្បីកំណត់ទីតាំង និងចំនួនរោងសន្និធិផល អនុផលព្រៃឈើ ដែលមានប្រភពពីដីសម្បទាន ក្រោមរូបភាពជា «ច្រកចេញចូលតែមួយ» ដើម្បីឱ្យប្រជាជនមានឈើប្រើប្រាស់ ដោយមិនធ្វើការដឹកជញ្ជូនឆ្ងាយពេក៕

ខាងក្រោមនេះជាលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា៖