(កណ្ដាល)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អនុប្រធានទី១ នៃគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកល្វាឯម តំណាងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមកាងារ ចុះជួយខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានធ្វើជាអធិបតីភាព ក្នុងពិធីប្រកាសកែសម្រួល និងតែងតាំង មន្ត្រីក្រុមការងារចលនាយុវជន ចុះជួយស្រុកល្វាឯម។
សមាសភាពចូលរួមមាន លោកប្រធានក្រុមការងារចលនាយុវជនប្រចាំស្រុកល្វាឯម លោក-លោកប្រធាន-អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារចលនាយុវជនចុះជួយ ឃុំទាំង១៥, លោក ភឹម ភីរ៉ា អភិបាលស្រុកល្វាឯម និងលោក-លោកស្រី អភិបាលរងស្រុកល្វាឯម, សិស្សានុសិស្សដែលជាសកម្មជននៃវិទ្យាល័យទាំង៣ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត សរុបប្រមាណ១,២០០នាក់។
បន្ទាប់ពីការថ្លែងមតិស្វាគមន៍ និងរបាយការណ៍សង្ខេបអំពីសមិទ្ធផលនានា ក្នុងស្រុកល្វាឯម របស់លោក ភឹម ភីរ៉ា និងការប្រកាសសមាសភាព ក្រុមការងារចលនាយុវជន ចុះជួយស្រុកល្វាឯមថ្មី លោក គង់ វិបុល បានសម្តែងនូវអំណរគុណ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់គណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិកសមាជិកានៃអង្គពិធីទាំងមូល ដែលឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញមកចូលរួម ក្នុងពិធីដ៏ពិសេសពិសាលនេះ។
លោកអនុប្រធានទី១ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកអភិបាលស្រុក និងលោក-លោកស្រី ដែលជាប្រធាន-អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារចលនាយុវជន ចុះជួយស្រុកល្វាឯម ធ្វើឲ្យសម្រេចនូវសមិទ្ធផលជាច្រើនកន្លងមក និងជំរុញឲ្យបន្តការជួយជ្រោមជ្រែងទៅរកការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
សមិទ្ធផល និងស្នាដៃ ដែលសម្រេចបានទាំងនោះ គឺបានដោយមានការដឹកនាំត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើន និងត្រូវបានលើកកំពស់ជាបន្តបន្ទាប់។
ជាថ្មីម្តងទៀត លោកអនុប្រធានទី១ បានផ្តាំផ្ញើដល់ក្រុមការងារចលនាយុវជន ចុះជួយស្រុកល្វាឯមដែលទើបកែសម្រួលនិងតែងតាំងថ្មី ត្រូវបំពេញកាតព្វកិច្ចការរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ចំពោះជាតិនិងប្រជាពលរដ្ឋ ជាពិសេសគឺស្រុកល្វាឯមទាំងមូល ស្របតាមគោលការណ៍ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីដែលច្បាប់បានកំណត់។
ក្រោមការដឹកនាំរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី លោកប្រតិភូ ក៏បានប្តេជ្ញា និងលើកទឹកចិត្ត ដល់លោក-លោកស្រី ប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារចលនាយុវជន ចុះជួយស្រុកល្វាឯមទាំងអស់ បន្តចុះជួយ និងពង្រឹងសកម្មភាពចុះជួយមូលដ្ឋានឲ្យសកម្មជាងមុន និងមានជំនឿយ៉ាងមុតមាំថា ក្រុមការងារនឹងដឹកនាំឲ្យយុវជនតាមឃុំទាំងអស់ ឲ្យក្លាយជាយុវជនឈានមុខ អនុវត្តការងារឲ្យបានជោគជ័យទាំងផ្នែកសង្គម និងកីឡា ដើម្បីឲ្យស្រុកល្វាឯមឈានមុខគេ នៅខេត្តកណ្តាលទាំងមូល។
លោក ក៏បានឆ្លៀតឱកាសផ្តល់មតិផ្តាំផ្ញើមួយចំនួន ដល់យុវជនដែលមានវត្តមាន ដូចខាងក្រោម៖
* យុវជនល្អ ជាយុវជនដែលមិនបង្កបញ្ហាដល់សង្គម ត្រូវខិតខំធ្វើខ្លួនឱ្យល្អ និងខិតខំរៀនសូត្រ ដើម្បីខ្លួនឯង ឪពុកម្តាយ គ្រួសារ និងសង្គមជាតិ
* ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង និងគ្រឿងញៀន ដោយត្រូវផ្តោតការយកចិត្តទុកដាក់លើការសិក្សា និងកីឡា ដែលវាផ្តល់គុណប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ
* មិនត្រូវជឿពាក្យញុះញង់ និងពាក្យឃោសនា របស់ជនអគតិមួយចំនួន ដែលមានបំណងអាក្រក់ លើរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
ជាកិច្ចបញ្ចប់ លោក គង់ វិបុល បានថ្លែងអំណរគុណម្តងទៀតដល់ លោក-លោកស្រី សិស្សានុសិស្ស និងភ្ញៀវកិត្តិយសទាំងអស់ ដែលមានវត្តមាននាព្រឹកនេះ ឲ្យទទួលបានជោគជ័យ និងបន្តខិតខំប្រឹងប្រែង ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ និងជូនពរឲ្យជួបតែវិបុលសុខ សម្រេចបានគ្រប់ភារកិច្ច និងសមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕