(ភ្នំពេញ)៖ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានបន្តអំពាវនាវទៅដល់ម្ចាស់អាជីវកម្ម និងសេវាកម្មនៅក្នុងរាជធានីភ្នំពេញ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ប្រយ័ត្នចាញ់បោកជនខិលខូចបន្លំខ្លួនធ្វើជាមន្ត្រីមន្ទីរពាណិជ្ជកម្មទៅធ្វើសកម្មភាពឆបោកយកលុយក្រោមហេតុផលផ្សេងៗ។
ក្នុងសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា មន្ត្រីមន្ទីរពាណិជ្ជកម្ម ពេលចុះអនុវត្តការងារតាមមូលដ្ឋានអាជីវកម្ម-សេវាកម្ម គឺមានឯកសណ្ឋានត្រឹមត្រូវ, មានកាតសម្គាល់ខ្លួនមន្ត្រីរាជការ ស្លាកឈ្មោះ និងលិខិតបញ្ជាបេសកកម្ម ចេញដោយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងមានសុពលភាពត្រឹមត្រូវ។
មន្ទីរបានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងសេវាកម្ម ប្រញាប់រាយការណ៍ទៅកាន់មន្ទីរពាណិជ្ជកម្មផងដែរ នៅពេលមានជនណាចុះទៅមូលដ្ឋានពិនិត្យអាជីវកម្ម-សេវាកម្ម ដោយមិនមានការបញ្ជាក់អត្តសញ្ញាណច្បាស់។ ម្ចាស់អាជីវកម្ម និងសេវាកម្មអាចរាយការណ៍តាមរយៈលេខទូរស័ព្ទ
០១៦ ៨៥៥ ៦៦៦ / ០៧៧ ៣៣៣ ២៨៦ បើមានការសង្ស័យទៅលើជនដែលចុះទៅនោះ។
ការអំពាវនាវរបស់មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីមានជនខិលខូចមួយចំនួនបន្លំខ្លួនជាមន្ត្រីមន្ទីរពាណិជ្ជកម្ម ចុះទៅឆបោកយកកម្រៃសេវាពីម្ចាស់អាជីវកម្ម និងសេវាកម្មក្រោមហេតុផលផ្សេងៗ៕