(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីអំពីក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទីភារកិច្ច របស់មន្រ្តីនគរបាលយុត្តិធម៌ និងហានិភ័យរបស់សមត្ថកិច្ច ក្នុងពេលចុះបង្រ្កាបប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

វគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក)។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើនៅក្នុងសាលប្រជុំអគារ S ក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់ថា គោលបំណងដែលបានបើក ឲ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង គឺក្នុងគោលបំណងពង្រឹងសមត្ថភាព មន្រ្តីអនុវត្តច្បាប់ក្នុងមុខងាររបស់ខ្លួន ដើម្បីកុំឲ្យមានកំហុស ឆ្គងអនុវត្តខុសច្បាប់ ដូច្នេះមន្រ្តីត្រូវយកចិត្តទុកដាក់ ក្នុងវគ្គសិក្ខាសាលនេះ។

ប្រធានគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ក៏បានគូសបញ្ជាក់ផងដែរថា គណៈកម្មាធិការ នឹងមានការបើកបើកវគ្គបណ្ដុះបណ្ដាលនេះ ជាបន្តបន្ទាប់ដោយមានកិច្ចសហការ ជាមួយសាលាឧទ្ធរណ៍។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីមន្ត្រីនគរបាលយុត្តិធម៌ ប្រមាណជាង១០០នាក់ និងមានវាគ្មិនចំនួន២រូប រួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យ សេង សត្យា នាយវិទ្យាស្ថានស្រាវជ្រាវ វិទ្យាស្ថាននគរបាល នៃបណ្ឌិតសភានគរបាលកម្ពុជា ជាគ្រូឧទ្ទេសនាមធ្វើបទបង្ហាញស្ដីពីតួនាទី ភារកិច្ចរបស់មន្ដ្រីនគរបាលយុត្ដិធម៌។
*ទី២៖ លោកឧត្តមសេនីយ៍ត្រី តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ជាគ្រូឧទ្ទេសនាមធ្វើបទបង្ហាញស្ដីពី នីតិវិធីបញ្ជូនសំណុំរឿង និងភស្ដុតាងទៅកាន់ស្ថាប័នតុលាការ។

វគ្គបណ្ដុះបណ្ដាលនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីផ្ដល់ចំណេះដឹងបន្ថែម ដល់មន្រ្តីអនុវត្តច្បាប់នៃគណៈកម្មាធិការ (គ.ប.ផ.ក) អំពីនីតិវិធីអនុវត្តច្បាប់ផ្សេងៗ ដែលមានចែងក្នុងក្រមនីតិវីធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ច មន្រ្តីនគរបាលយុត្តិធម៌ ដើម្បីពង្រឹងមន្រ្តីអនុវត្តច្បាប់ឲ្យកាន់តែមានសមត្ថភាព ពេលចុះបង្រ្កាបផលិតផលក្លែងក្លាយ និងនិភ័យរបស់សមត្ថកិច្ចជំនាញ ពេលដែលចុះបង្រ្កាបទីតាំងផលិតផលក្លែងក្លាយ៕