(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ មានបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងគ្លីនិក និងព្យាបាលជំងឺគ្រុនឈាម ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា ប្រធាននៃអនុគណៈកម្មការគ្លីនិកប្រយុទ្ធនឹងជំងឺគ្រុនឈាម និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល។
គោលបំណងនៃអង្គសិក្ខាសាលាគឺ៖ ១៖ បានយល់ពីករណីគ្លីនិកនៃជំងឺគ្រុនឈាម និងអន្តរាគមន៍ទប់ស្កាតជំងឺគ្រុនឈាម, ២៖ ការគ្រប់គ្រងជំងឺគ្រុនឈាមមានសញ្ញាស្ហុកករណីថ្មីៗ, ៣៖ ការគ្រប់គ្រងជំងឺគ្រុនឈាម នៅផ្នែកជំងឺសម្រាកពេទ្យ និង៤៖ មានការពិនិត្យនិងតាមដាន និងថែទាំអ្នកជំងឺគ្រុនឈាម។
បើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ឃ្លោក ហ៊ួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានបង្ហាញឲ្យឃើញថា៖ មន្ទីរសុខាភិបាលមានស្រុកប្រតិបត្តិចំនួន២ គឺស្រុកប្រតិបត្តិសំរោង និងស្រុកប្រតិបត្តិអន្លង់វែង មានមន្ទីរពេទ្យ១ និងមណ្ឌលសុខភាពចំនួន ៣៧។ ចាប់ពីសប្តាហ៍ទី១ ដល់សប្តាហ៍ទី៣៣ មានអ្នកជំងឺគ្រុនឈាមចំនួន ១០៩៩ករណី សម្រាប់សប្តាហ៍ទី៣៣ មានអ្នកជំងឺ ៥០នាក់។
លោកបន្តថា ប៉ុន្តែអ្វីដែលគេមានការព្រួយបារម្មណ៍ និងឃើញជាទូទៅគឺ អ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាលឯកជនភាគច្រើន គឺបំភិតបំភ័យអ្នកជំងឺ បង្កឲ្យប្រជាពលរដ្ឋ ត្រូវចំណាយថវិកា ក្នុងការព្យាបាលច្រើនលើសលប់ពេក។ លោកសំណូមពរម្ចាស់គ្លីនីកទាំងអស់ មេត្តាយកនូវក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនធ្វើជាត្រីវិស័យ ដើម្បីអនុវត្តការងារឲ្យមាននូវតម្លាភាព និងជួយប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាព។
លោកវេជ្ជៈបណ្ឌិត នង សុរ៉ា តំណាងកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម បានបង្ហាញពីរបាយការណ៍ទូទាំងប្រទេសក្នុងរយៈពេលពីខែមករា ដល់ខែសីហា (៣១សប្តាហ៍) ក្នុងឆ្នាំ២០១៩ មានចំនួនសរុប៥០១៧៧ករណី និងអត្រាស្លាប់ ០,១% បានន័យថា ប្រហែល៥ដងកើនឡើង ច្រើនជាងឆ្នាំ២០១៨ ដែលមានតែ១០៨៧៦ករណី និងស្លាប់១៤នាក់។
ស្ថានភាពជំងឺគ្រុនឈាមបានកើនឡើងគ្រប់រាជធានី-ខេត្តនៅឆ្នាំ២០១៩នេះ បើប្រៀបធៀបទៅនេងឆ្នាំ២០១៨ ប៉ុន្តែមិនមែនបានន័យថា ជំងឺគ្រុនឈាមមានទូទាំងប្រទេសនោះទេ គឺកើតមានរាប៉ាយ ដុំៗតាមភូមិមួយឬពីរភូមិ នៃភូមិសាស្រ្ត ឃុំ/សង្កាត់នីមួយៗ ដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកណ្តាល សៀមរាប កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រះសីហនុ។
អ្នកជំងឺដែលស្លាប់មកពីខេត្តព្រះសីហនុ បាត់ដំបង ក្រចះ រាជធានីភ្នំពេញ សៀមរាប ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ កំពង់ចាម ខេត្តកពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តព្រៃវែង និងខេត្តប៉ៃលិន។ ជំងឺគ្រុនឈាមកើតលើមនុស្សគ្រប់ភេទ ប្រុស-ស្រី ទាំងក្មេងទាំងចាស់ តែក្រុមអាយុពី៥-១៤ឆ្នាំ ឈឺច្រើនជាងគេ និងអត្រាស្លាប់ខ្ពស់លើក្រុមអាយុក្មេងតិចជាង៥ឆ្នាំ៕