(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលតែងតែគិតគូពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលទានប្រចាំថ្ងៃ ទើបនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ មន្រ្តីមន្ទីរពិសោធន៍ សហការជាមួយគណៈកម្មការផ្សារទួលសង្កែថ្មី ក្នុងខណ្ទឬស្សីកែវ ចុះត្រួតពិនិត្យទំនិញម្ហូបអាហារ វេចខ្ចប់ស្រេច ម្ហូបអារកែច្នៃក្នុងស្រុក,ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព និងទំនិញដែលមានហានិភ័យខ្ពស់ ដែល ជនខិលខូច មួយចំនួនលួច បញ្ចេញមកលក់ ចែកចាយលើទីផ្សារ។
ជាមួយគ្នានេះ មន្ត្រីជំនាញបានយកគំរូម្ហូបអាហារចំនួន៣៧ គំរូមកពិសោធន៍នៅរថយន្តពិសោធន៍ចល័តដើម្បីរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា បន្លែគ្រប់មុខ ប្រហុក ផ្អក មាំ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ។ល។ ជាលទ្ឋផលពុំមានសារធាតុគីមីហាមឃាត់ទេ នឹងបានធ្វើការផ្សព្វផ្សាយអប់រំ ណែនាំដល់អាជីវករអោយយល់ដឹងអំពីសុវត្ឋិចំណីអាហារ។
ក្នុងឱកាសដឹកនាំផ្ទាល់ត្រួតពិនិត្យចំណីអាហារនេះ លោក គង់ វុទ្ឋី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានណែនាំ និងសំណូមពរដល់អាជីវករទាំងអស់ សូមកុំលួចលាក់បន្ថែម សារធាតុគីមីផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ មិនតែប៉ុណ្ណោះអ្នកដែលប្រព្រឹត្តនោះ គឺមានគ្រោះថ្នាក់ខ្ពស់ជាងគេ ដោយសារតែគាត់នៅជិត និងជាអ្នកប៉ះពាល់ដោយផ្ទាល់នៅសារធាតុនេះ។
លោក គង់ វុទ្ឋី បញ្ជាក់ថា ដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់ចំពោះចំណីអាហារពីសំណាក់បងប្អូនប្រជាពលរដ្ឋ បច្ចុប្បន្ននៅតាមផ្សារមួយចំនួន គឺមានមន្រ្តីកាំកុងត្រូល នៅប្រចាំជាប់តែម្តង បើសិនជាប្រជាពលរដ្ឋណាមានការសង្ស័យថាបន្លែ ផ្លែឈើ ចំណីអាហារ និងគ្រឿងឧបភោគបរិភោគណាដែលមានសារធាតុគីមី អាចយកមកឲ្យមន្រ្តីកាំកុងត្រូលត្រួតពិនិត្យ ហើយបើសិនជាមានភាពមិនប្រក្រតីណាមួយនឹងធ្វើការដកហូតភ្លាមៗតែម្តង៕