(ភ្នំពេញ)៖ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ចប់អាណត្តិ បានបង្ហាញក្តីរំភើប ដែលបានមកបំពេញបេសកម្មនៅក្នុងប្រទេសកម្ពុជា ដែលជាដែនដីដ៏ស្រស់ស្អាត។
ខាងក្រោមនេះ សាររបស់លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជូនចំពោះប្រជាជនកម្ពុជានាឱកាសបញ្ចប់បេសកម្មរបស់លោកនៅកម្ពុជា៖
«ខ្ញុំមានអារម្មណ៍សោកស្តាយបន្តិច ដែលជម្រាបជូនថា នេះជាសារចុងក្រោយរបស់ខ្ញុំក្នុងឋានៈ ជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ពេលវេលាពិតជាដើរលឿន។ ប្រមាណ៣ឆ្នាំកន្លងផុតទៅ ក្រោយពេលខ្ញុំ និងភរិយាបានមកដល់រាជធានីភ្នំពេញ នាឆ្នាំ២០១៦។ ៣ឆ្នាំនេះ គឺជាពេលវេលាដ៏វិសេសវិសាលសម្រាប់យើងខ្ញុំទាំងពីរ។ ប្រទេសកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ៧ភាគរយជារៀងរាល់ឆ្នាំ ហើយទំនាក់ទំនងទ្វេភាគីរវាងជប៉ុន និងកម្ពុជា ក៏មានសន្ទុះឈានទៅមុខយ៉ាងខ្លាំងផងដែរ។
ទាំងពាណិជ្ជកម្មទ្វេភាគី ការវិនិយោគផ្ទាល់ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចនានា ក៏មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានចូលរួមពិធីសម្ពោធផ្សេងៗ នៃគម្រោងជំនួយអភិវឌ្ឍន៍របស់ រដ្ឋាភិបាលជប៉ុន ដែលជានិមិត្តរូបនៃមិត្តភាព រវាងប្រទេសយើងទាំងពីរ ដូចជាការជួសជុលស្ពានជ្រោយចង្វារជាដើម។
ចំណែកទំនាក់ទំនង ក្នុងវិស័យនយោបាយវិញ ខ្ញុំមានភ័ព្វសំណាង ដែលបានចូលរួមកិច្ចប្រជុំកំពូលជប៉ុន-កម្ពុជា រវាងឯកឧត្តមនាយករដ្ឋមន្ត្រីអាបេ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន៣លើកក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ។
ខ្ញុំមានសេចក្តីសប្បាយរីករាយ ដែលសម្តេចតេជោ បានសម្រេចចិត្តបំពេញទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុនជារៀងរាល់ឆ្នាំ។ ប្រទេសជប៉ុនបាន និងកំពុងចូលរួមចំណែកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
យើងខ្ញុំបានបន្តផ្តល់ជំនួយ ដល់កំណែទម្រង់ការបោះឆ្នោត ហើយបន្ទាប់ពីការបោះឆ្នោតឆ្នាំមុនយើង បានចាប់ផ្តើមកម្មវិធីដើម្បីអញ្ជើញយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍ផ្នែកនយោបាយ មកពីស្ថាប័ននានា ទៅស្វែងយល់ពីបទពិសោធន៍នៅប្រទេសជប៉ុន។
ម្យ៉ាងវិញទៀត ខ្ញុំផ្ទាល់ក៏ទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងក្លាដែរ តាមរយៈបណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជា។ ជាក់ស្តែង ទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុន បានទទួលការគាំទ្រ និងមតិយោបល់ល្អៗជាច្រើន។
ខ្ញុំ និងភរិយា នឹងចាកចេញពីទីក្រុងភ្នំពេញសប្តាហ៍ក្រោយនេះ ក៏ប៉ុន្តែសម្រស់នៃប្រទេសកម្ពុជា បានផ្តល់ក្តីស្រមៃដល់យើងខ្ញុំថានឹងត្រលប់មកកាន់ទឹកដី ដ៏អស្ចារ្យនេះជាថ្មីនាថ្ងៃអនាគត។ រាជធានីភ្នំពេញ នឹងប្រែមុខមាត់ថ្មីនៅប៉ុន្មានឆ្នាំខាងមុខ ជាមួយនឹងព្រលានយន្តហោះថ្មី អាគារខ្ពស់ៗជាច្រើន ព្រមទាំងប្រព័ន្ធដឹកជញ្ជូន សាធារណៈថ្មី។ ខ្ញុំក៏អាចនឹងមានឱកាសសាជាថ្មី ដើម្បីនិយាយភាសាខ្មែរ។
ជាចុងក្រោយ ខ្ញុំសូមជូនពរ ប្រជាជនកម្ពុជាទាំងអស់ សូមមានសុខភាពល្អ សុភមង្គល និងសូមឲ្យទំនាក់ទំនងជប៉ុន និងកម្ពុជាកាន់តែរីកចម្រើន»៕