(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារជាច្រើននាក់ បានស្ម័គ្រចិត្តចូលរួមបិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែក ១៦ មករា ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ។
លោកវេជ្ជបណ្ឌិត សុក វាសនា ប្រធានមន្ទីរពេទ្យបង្អែក ១៦ មករា បានថ្លែងថា សព្វថ្ងៃនេះមន្ទីរពេទ្យត្រូវការឈាមជាច្រើន សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ ហើយឈាមដែលអាចយកជួយសង្គ្រោះ អ្នកជំងឺមានប្រសិទ្ធិភាពនោះ គឺឈាមដែលបានមកពីការផ្តល់ឈាមដោយស្ម័គ្រចិត្ត ប្រសើរជាងឈាមដែលបានមកពីការទិញដូរខាងក្រៅ ហើយការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជាគំរូល្អមួយ នៃការលើកកម្ពស់មនុស្សធម៍នៅក្នុងសង្គមផងដែរ។
លោក សុក វាសនា បានថ្លែងអំណរគុណដល់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានបំផុសឲ្យមន្ត្រីក្រោមឱវាទស្ម័គ្រចិត្តចូលរួមបរិច្ចាគ ឈាមជូន មន្ទីរពេទ្យនៅពេលនេះ។ ជាមួយគ្នានោះ លោកប្រធានមន្ទីរពេទ្យ បានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋយើង សូមអញ្ជើញចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តដើម្បីសង្គ្រោះជីវិតជនរងគ្រោះរបស់យើង។
ដោយឡែក លោក សំ លាងទ្រី បានឲ្យដឹងថា «ដើម្បីចូលរួមក្នុងការងារមនុស្សធម៌នៅក្នុងសង្គម ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការគ្រប់រូបនៅក្នុងមន្ទីរសាធារណការ បានសហការគ្នា ល្អណាស់ ដោយបានលះបង់ទាំងថវិកាកម្លាំងកាយចិត្ត និងពេលវេលាជាដើម ពិសេសពេលនេះយើងបានលះបង់មួយទៀត គឺការបរិច្ចាគឈាមដោយស្ម័គ្រចិត្តសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ។
លោកប្រធានមន្ទីរ បានថ្លែងនូវការអរគុណដល់មន្ត្រីគ្រប់រូប ដែលបានចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ ជាមួយលោកដោយភាពរីករាយជ្រះថ្លា នៅក្នុងចិត្តតាំងពីដើមរៀងមករហូតបច្ចុប្បន្ននេះ៕