(ត្បូងឃ្មុំ)៖ ភេសជ្ជៈចំរុះ រួមមាន ទឹកក្រូច ទឹកផ្លែឈើសរុបចំនួន ៣២កំប៉ុង និងដបដែលហួសកាលបរិច្ឆេទ និងខូចគុណភាព ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យរកឃើញ ធ្វើការដកហូតភ្លាមៗយកទុកកម្ទេចចោល នៅក្នុងផ្សារខ្នារ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រតិបត្តិការរកឃើញទំនិញដែលខូចគុណភាពនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព ស្លាកសញ្ញាលើសំបកវេចខ្ចប់ កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ក្នុងផ្សារខាងលើ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ។
លោកបញ្ជាក់ថាយ៉ាងដូច្នេះថា ក្នុងការចុះទៅកាន់ផ្សាខ្នាររនាថ្ងៃនេះ ដោយត្រួតពិនិត្យលើស្លាកសញ្ញាចំពោះទំនិញវេចខ្ចប់ ជាលទ្ធផលទំនិញភេសជ្ជ:ចំរុះហួសកាលបរិច្ឆេទប្រើសប្រាស់ចំនួន ៣២កំប៉ុង និងដប ត្រូវបានដកហូត យកទៅកម្ទេចចោល។
លោកឲ្យដឹងទៀតថា មន្ត្រីកាំកុងត្រូល ក៍បានធ្វើតេស្តបឋមលើស្ពៃជ្រក់ និងមមាញជ្រក់ តែពុំមានសារធាតុគីមីហាមឃាត់នៅក្នុងផលិតផលជ្រក់ទាំងនោះឡើយ។ ក្នុងឱកាសនោះលោក មាស មោរ៉ា រួមទាំងមន្ត្រីកាំកុងត្រូល និងមន្ត្រីពាណិជ្ជកម្មខេត្តបានបិទ Poster ពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ដែលមាគុណភាព និសុវត្ថិភាព។
ក្រុមការងារក៏បានអប់រំ និងពន្យល់ណែនាំដល់អាជីវករមុននឹងយកទំនិញមកលក់ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឱ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ ពិសេសហាមដាច់ខាតទំនិញ ដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕