(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកទេយ្យវត្ថុ និងបច្ច័យ ទៅវេរប្រគេនចំពោះព្រះសង្ឃ គង់ក្នុងវត្តធម្មិការាម (វត្តធម្មយុត្ត) ភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលប្រឈមការដាច់ចង្ហាន់ ដែលមានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៧៧អង្គ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ។
លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យទៅ វេរប្រគេនចំពោះព្រះសង្ឃ គង់នៅវត្តធម្មិការាម (គណៈធម្មយុត្ត) នៅភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលកំពុងខ្វះខាតប្រឈមដាច់ចង្ហាន់។
ព្រះភិក្ខុ កែម សុថេន ព្រះគ្រូចៅអធិការវត្តមានសង្ឃដិកាថ្លែងអំណរគុណ និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែលើកទឹកចិត្តចូលរួមចំណែក លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន។
សូមបញ្ជាក់ថា បច្ច័យចំនួន ៥០ម៉ឺនរៀល និងទេយ្យវត្ថុរួមមាន៖ អង្ករ២០០គីឡូក្រាមមី ៦កេស ត្រីខ១កេសធំ ទឹកបរិសុទ្ធវីឃែរ២០កេស ទឹកត្រី៤យួរ នឹងជួយសម្រាលការលំបាក ដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តចំនួន ៧៧អង្គ កំពុងបំពេញវិជ្ជានៅពុទ្ធិកបឋមសិក្សាក្នុងវត្តធម្មិការាមនេះ ដោយឡែកលោកតា លោកយាយចំនួន២១នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១០,០០០រៀលផងដែរ៕