(កំពង់ធំ)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីប្រកាស់តែងតាំងមុខតំណែង និងឋានន្តរស័ក្កិ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក ឲ្យដំណើរការដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការដ្ឋាន និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ បង្កើតស្រុកតាំងគោកថ្មី នៃខេត្តកំពង់ធំ ដែលតម្រូវឲ្យមានការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំ និងមន្រ្តីនៃដែនរដ្ឋបាលស្រុកមួយនេះ។

ក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក, លោក ប៊ុន ឈួន អភិបាលរងស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ លោកវរសេនីយ៍ត្រី គៀង គឿន ប្រធានស្នាក់ការសន្តិសុខ៦០៣ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក។

លោកវរសេនីយ៍ត្រី គៀង គឿន បានឡើងធ្វើសេចក្តីប្តេជ្ញាចិត្តថា៖

*ទី១៖ គោរពអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ថ្នាក់លើ
*ទី២៖ គោរពអនុវត្តន៍ឲ្យបាននូវលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យលេខ៧៧ស្តីពី ការកំណត់តួរនាទីភារកិច្ចរបស់កងរាជអាវុធហត្ថឲ្យបានជាដាច់ខាត
*ទី៣៖ ប្តេជ្ញាសាមគ្គីផ្ទៃក្នុងឲ្យបានល្អ ពិសេសសាមគ្គីសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដែលស្ថិតក្នុងភូមិសាស្ត្រទទួលខុសត្រូវឲ្យបានល្អ។

លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងការបង្កើរស្រុកថ្មីដែលជាស្រុកទី៩ របស់ខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យខេត្តកំពង់ធំមានការរីចំរើន។

លោកក៏បានផ្តាំផ្ញើដល់នាយទាហាន នៃកងរាជអាវុធហត្ថទាំងអស់ឲ្យយកចិត្តទុកដាក់នូវការងារមួយចំនួនរួមមាន៖

*ទី១៖ ធ្វើយ៉ាងណាត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់ថ្នាក់លើដែលបានប្រគល់ជូន
*ទី២៖ គោរពប្រតិបត្តិតាមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
*ទី៣៖ អនុវត្តន៍ឲ្យបាននូវលក្ចន្តិកៈទូទៅចំពោះកងយោធពលខេមរភូមិន្ទ ពិសេសអនុក្រឹត្យលេខ៧៧ ស្តីពី តួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ
*ទី៤៖ ត្រូវធ្វើខ្លួនជាមេដឹកនាំមានចរិមហាជន ចេះយល់អធ្យាស្រ័យដល់ថ្នាក់ក្រោម កុំតាំងខ្លួនជាសក្តិភូមិឲ្យសោះ
*ទី៥៖ ត្រូវយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋ គ្រប់ពេលវេលា
*ទី៦៖ ត្រូវមានសាមគ្គីភាពសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែលដីគ្រប់លំដាប់ថ្នាក់ឲ្យបានល្អ៕