(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជានៅមិនទាន់មានរបាយការណ៍ទិន្នន័យ ឬព័ត៌មានជាក់លាក់អំពីស្រីស្រឡាញ់ស្រី (Lesbian) ប្រុសស្រឡាញ់ប្រុស ក៏ដូចជា ភាពប្រឈមមុខដោយសារមេរោគអេដស៍ បញ្ហាសុខភាព និងតម្រូវការសេវាគាំពារសង្គមនានាសម្រាប់ពួកគេឡើយ។ ចំណុចទាំងនេះហើយ ដែលបានបណ្តាលឱ្យមានភាពខ្វះចន្លោះ លើអន្តរាគមន៍ក្នុងការជួយដោះស្រាយ និងគាំទ្រទៅដល់ពួកគេ។
ការថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ធ្វើឡើងក្នុងឱកាសដែលោកបានអញ្ជើញចូលរួម កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការផ្សព្វផ្សាយលទ្ធផល នៃការសិក្សាវាយតម្លៃលើឧបសគ្គ ក្នុងការទទួលសេវាសុខាភិបាល អេដស៍ និងសេវាគាំពារសង្គម ដែលផ្តោតសំខាន់លើទិដ្ឋភាពផ្នែកច្បាប់ និងគោលនយោបាយនៅកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៩នេះ ដែលសហការ រៀបចំដោយអង្គការខាណា (KHANA) អង្គការយូអិនអេដស៍ (UNAIDS) និងអង្គការធ្វើការងារជាមួយអ្នកស្រឡាញ់ភេទដូចគ្នា។
ទេសរដ្ឋមន្រ្តីបានបន្តថា «លទ្ធផល ឬរបក គំហើញ នៃការសិក្សាស្រាវជ្រាវនេះ នឹងអាចផ្តល់នូវផែនទីតម្រង់ផ្លូវ ក៏ដូចជា គន្លឹះសំខាន់ៗសម្រាប់ស្ថាប័ន រាជរដ្ឋាភិបាលពាក់ព័ន្ធក្នុងការពិនិត្យ និងពិចារណាដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រ និងផែនការឆ្លើយតបរបស់ខ្លួន។ ដោយឡែក សម្រាប់អាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺ អេដស៍ ក៏អាចយកមកប្រើប្រាស់ ក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងអាចពិនិត្យមើលលទ្ធភាពក្នុងការស្នើសុំ ធ្វើវិសោធនកម្មច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិ ដើម្បីឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ក្នុងចំណោមអ្នកស្រឡាញ់ ភេទដូចគ្នា នៅកម្ពុជាផងដែរ»។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ បានទៀតបន្តថា កិច្ចប្រជុំពិគ្រោះយោបល់នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយនូវលទ្ធផល នៃរបកគំហើញអំពីការសិក្សា វាយតម្លៃនូវឧបសគ្គ ក្នុងការទទួលបានសេវាសុខាភិបាល អេដស៍ និងសេវាគាំពារសង្គម ពាក់ព័ន្ធនឹងទិដ្ឋភាពផ្នែកច្បាប់ និងគោលនយោបាយ ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងធ្វើការស្វែង យល់បន្ថែម លើការកំណត់ទិសដៅអាទិភាព និងដំណោះស្រាយរួមគ្នារបស់ក្រសួង ស្ថាប័នពាក់ព័ន្ធចំពោះបញ្ហា និងតម្រូវការរបស់អ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងធ្វើការឆ្លើយតបឱ្យបាន ទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។
ជាការពិតណាស់ថា របកគំហើញដែលបានមកពីការសិក្សាស្រាវជ្រាវនេះ នឹងផ្តល់ជាភ័ស្តុតាងទិន្នន័យ និងព័ត៌មានបន្ថែមទៀតដល់ក្រសួង និងស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ ក្នុងការពិនិត្យ ពិភាក្សាថាគួរដាក់បញ្ចូលកម្រិតណាទៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ឬក្របខ័ណ្ឌអនុវត្តការងាររបស់ខ្លួន។ ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា ព្រះរាជាណាចក្រកម្ពុជាមិនមានច្បាប់ និងគោលការណ៍ថ្នាក់ជាតិណាមួយរើសអើង ឬដាក់បន្ទុកទៅលើអ្នកស្រឡាញ់ភេទដូចគ្នា ដោយសារតែទំនោរភេទ និងអត្តសញ្ញាណយេនឌ័ររបស់ពួកគេទេ។
ក្នុងនោះដែរ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដើរ តួនាទីយ៉ាងសំខាន់លើផ្នែកគោលនយោបាយ ការងារសម្របសម្រួល តាមដាន វាយតម្លៃ និងកៀរគរធនធានដល់ក្រុមបុរសរួមភេទ ជាមួយបុរស និងអ្នកក្លែងភេទ (ស្រីស្រស់)។ ចំណែកក្រសួងសុខាភិបាល ដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគនោះ ក៏កំពុងបានដើរយ៉ាងសំខាន់ផងដែរ ក្នុងការផ្តល់សេវាបង្ការ ព្យាបាល ថែទាំ និងគាំទ្រដល់ក្រុមបុរសរួមភេទជាមួយបុរស និងអ្នកប្លែងភេទ (ស្រីស្រស់)នៅទូទាំងប្រទេស ។
លោកបានគូសបញ្ជាក់នូវចំណុចមួយចំនួន ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំអេដស៍បាននិងកំពុងអនុវត្ត ហើយនិងរៀបចំដើម្បីគាំទ្រដល់ក្រុមអ្នករស់នៅ ជាមួយមេរោគអេដស៍ និងក្រុមងាយរងគ្រោះ ក្នុងនោះរួមបញ្ចូលទាំងក្រុមបុរសរួមភេទជាមួយបុរស និងអ្នកប្លែងភេទ (ស្រីស្រស់) ផងដែរ។ ជាមួយគ្នានេះ ផែនការយុទ្ធ សាស្ត្រជាតិលើកទី៥ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យ ឆ្នាំ២០១៩-២០២៣ ដែលកំពុងតែរៀបចំក៏ផ្តោតសំខាន់លើការទទួលបានសេវាជំងឺអេដស៍ និងគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព ស្មើភាព សមធម៌ និងមានគុណភាពខ្ពស់ផងដែរ។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិលនៅតាមសហគមន៍លើបញ្ហានេះ។
សូមបញ្ជាក់ថា តាមកម្មវិធីនៃកិច្ចពិគ្រោះយោបល់នេះ មិនគ្រាន់តែផ្សព្វផ្សាយលទ្ធផលបឋមប៉ុណ្ណោះទេ អ្នកចូលរួមក៏មានឱកាសផ្តល់នៅធាតុចូល ឬព័ត៌មានគន្លឹះបន្ថែមទៀត ដើម្បីឲ្យរបាយការណ៍ចុងក្រោយ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងបញ្ហាជាក់ស្តែង របស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ ជាមួយគ្នានេះ យើងក៏នឹងមានកិច្ចពិភាក្សារួម ដោយមានវាគ្មិនមកពីក្រសួងពាក់ព័ន្ធ ដែលជាឱកាសក្នុងការស្វែងយល់ពីបញ្ហាស៊ីជម្រៅបន្ថែមទៀត និងស្វែងរកដំណោះស្រាយរួមគ្នា៕