(ប៉េកាំង)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមទាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាច្រើនរូប ទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីការងារទឹកស្អាត នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ទី១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ហើយក៏បានចុះហត្ថលេខារួមគ្នាលើអនុស្សារណៈយោគយល់ សម្រាប់ការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា រវាង ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រុមហ៊ុន BEWG និងក្រុមហ៊ុន Noble Water (Cambodia) Co., Ldt។
ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានមានជំនួបប្រជុំពិភាក្សា និងស្តាប់បទបង្ហាញ ជាមួយភាគីចិន រួមមាន៖
១៖ ជំនួបប្រជុំជាមួយក្រុមហ៊ុន Zhongfang ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចនទ្រព្យមួយដ៏ធំរបស់ចិន ដោយក្នុងនោះភាគីក្រុមហ៊ុនបានបង្ហាញអំពីការ វិនិយោគរបស់ខ្លួននៅកម្ពុជា ដែលកំពុងសាងសង់អគារខុនដូ, សណ្ឋាគារ, អគារពាណិជ្ជកម្ម, ហិរញ្ញវត្ថុ, ទេសចរណ៍ កំសាន្ត ជាដើម នៅក្នុងរាជធានីភ្នំពេញ ចំនួន០២ទីតាំង និងមានបំណងវិនិយោគនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ដែលតាមរយៈនេះ ក្រុមហ៊ុនបានស្នើឱ្យភាគីកម្ពុជា ជួយគាំទ្រតាមគ្រប់រូបភាព ដូចជា ការលើកលែងពន្ធ និងជាពិសេស គឺស្នើឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពង្រីកគម្រោងវិនិយោគដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់តំបន់អភិវឌ្ឍន៍របស់ ក្រុមហ៊ុន។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ជូនភាគីក្រុមហ៊ុនថា រាជរដ្ឋាភិបាលកម្ពុជាតែងតែអនុវត្តនូវគោលនយោបាយលើកទឹកចិត្តដល់ វិនិយោគិននៅកម្ពុជា ដោយភាគីក្រុមហ៊ុនចាំបាច់ ត្រូវដាក់សំណើវិនិយោគ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយឡែក ទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត វិញ លោកទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងតែខិតខំ សហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការពង្រីកសមត្ថភាពផ្គត់ ផ្គង់ទឹកស្អាតសម្រាប់រាជធានីភ្នំពេញទាំងមូល ទន្ទឹមនឹងនោះក្រសួងឧស្សាហកម្ម និងសិប្បកម្មក៏កំពុងបន្តពិភាក្សា ជាមួយបណ្តាដៃគូឯកជននានាក្នុងការសិក្សា ពីលទ្ធភាពវិនិយោគលើប្រព័ន្ធផ្គង់ផ្គង់ទឹកស្អាត បន្ថែមតាមរូបភាពផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាត កើនឡើងដ៏គង្ហុកនៅក្នុងរាជធានីភ្នំពេញ។
២៖ ប្រតិភូក្រសួងក៏បានទស្សនកិច្ចសិក្សានៅក្រុមហ៊ុនរដ្ឋ Beijing Enterprises Water Group Limited (BEWG)ដែលជាក្រុមហ៊ុនដ៏ធំមួយទទួលបន្ទុកការ ផ្គត់ផ្គង់ទឹកស្អាតនៅតាមបណ្តាទីក្រុង របស់ប្រទេសចិនប្រមាណ ១៣៩ ទីតាំងនិងផ្គត់ផ្គង់ទឹកស្អាត ៣៦.៨លានម៣/ថ្ងៃ និងបុគ្គលិកប្រមាណ ៥០.០០០នាក់។
ក្រុមហ៊ុន BEWG បានកំពុងអនុវត្តគម្រោងជាច្រើននៅក្នុងទីក្រុងប៉េកាំងរួមមាន ការកសាងប្រភពទឹក ការការពារប្រភពទឹក ការផលិតនិងផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃសម្រាម, ការគ្រប់គ្រងនិងប្រព្រឹត្តកម្មសម្អាតទឹកស្អុយ, ការការពារបរិស្ថានធម្មជាតិ និងទេសចរណ៍ជាដើម។ ក្រុមហ៊ុនBEWG មានបទ ពិសោធន៍ពេញលេញ និងហិរញ្ញវត្ថុគ្រប់គ្រាន់ ទាំងក្នុងប្រទេសចិន និងក្រៅប្រទេស។
ក្រុមហ៊ុនក៏បានបង្ហាញឆន្ទះ និងបំណងក្នុងការចូលរួមអភិវឌ្ឍន៍លើវិស័យ ទាំងអស់ខាងលើនេះនៅកម្ពុជាផងដែរ ដោយក្រុមហ៊ុនមានសមត្ថភាពវិនិយោគ, សិក្សារចនាប្លង់, សាងសង់, និងដំណើរការគ្រប់គ្រងថែទាំដោយផ្ទាល់ ជាពិសេស លើការងារផ្គត់ផ្គង់ទឹកស្អាតដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតនៅកម្ពុជា និងឆ្លើយតបទៅនឹងគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាល កម្ពុជាឱ្យបាន១០០% នៅតាមទីប្រជុំជននៅឆ្នាំ២០២៥ ខាងមុខនេះ។
ចំពោះវិស័យទឹកស្អាត ក្រុមហ៊ុន BEWG ក៏បានអភិវឌ្ឍន៍នូវបច្ចេកវិទ្យាចុងក្រោយ សម្រាប់ ធ្វើការសម្អាតទឹកគ្រប់ប្រភេទ រួមទាំងទឹកសមុទ្រផងដែរ ដែលបច្ចុប្បន្ន ក្រុមហ៊ុន BEWG កំពុងធ្វើការផ្គត់ផ្គង់ប្រព័ន្ធផលិតទឹកស្អាតពីទឹកសមុទ្រជូនដល់ប្រជាពលរដ្ឋ និងកងទ័ពចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
ជាការឆ្លើយតបក្រុមហ៊ុន BEWG លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគោលបំណង របស់ក្រុមហ៊ុន BEWG ហើយលោកបានបញ្ជាក់ថា កម្ពុជាគឺស្វាគមន៍ជានិច្ចចំពោះ ការវិនិយោគលើគ្រប់វិស័យ ហើយរូបលោកផ្ទាល់នឹងខិតខំសម្របសម្រួយជួយជ្រោម ជ្រែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀតសម្រាប់កម្ពុជា ជាពិសេស លើការងារផ្គត់ផ្គង់ទឹកស្អាត ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។
ក្នុងឱកាសដំណើរទស្សនកិច្ចនោះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រុមហ៊ុន BEWG និងក្រុមហ៊ុន Noble Water (Cambodia) Co., Ldt បានចុះហត្ថលេខារួមគ្នាលើអនុស្សារណៈយោគយល់ សម្រាប់ការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា។
៣៖ ក្រុមហ៊ុនរដ្ឋ Beijing Enterprises Water Group Limited (BEWG) បានបង្ហាញនូវបច្ចេកវិទ្យាប្រព័ន្ធផលិតកម្មទឹកស្អាត ជាច្រើនម៉ូដែល ជាពិសេសប្រព័ន្ធ Smart Water Treatment System ដែលប្រើប្រាស់ជាមួយថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ និងថាមពលកម្លាំងខ្យល់ (Solar & Wind Turbine) ដែលសមស្របសម្រាប់យកមកប្រើប្រាស់នៅតំបន់ដាច់ស្រយ៉ាលពុំទាន់មានអគ្គិសនីទៅដល់ និងមានតម្លៃសមស្រប សម្រាប់ប្រទេសយើង។
ប្រតិភូក្រសួងក៏មានជំនួបប្រជុំជាមួយសមាគមមិត្តភាពរបស់ចិន គឺជាសមាគមដ៏ធំមួយដែលមានសមាជិកជាច្រើនមកពីគ្រប់វិស័យទាំងអស់។ សមាគមបានបង្ហាញនូវ បំណងជម្រុញនិងបង្កើនទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យរួមទាំងវិស័យទឹកស្អាតផងដែរ។ ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី បានបង្ហាញនូវឆន្ទះក្នុងការផ្តល់កិច្ចសហការ ដើម្បីរឹតចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជារៀងរហូត៕