(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ផែនការសំខាន់ៗ មួយចំនួន ដើម្បីជំរុញមន្ត្រីថ្នាក់ក្រោមយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព។

ការងារទាំងអស់នោះ រួមមានគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ការត្រួតពិនិត្យការងារចិញ្ចឹមត្រី ក្នុងបែរត្រី និងស្ថិតិផ្ទះបណ្តែតទឹក ការងារស្រង់ស្ថិតិប្រជាពលរដ្ឋតាមបូរី ផ្ទះល្វែង និងខុនដូរ ការផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធ័រណេតអនឡាយក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព និងការផ្សព្វផ្សាយមិនឲ្យមានការប្រើប្រាស់គ្រឿងញៀន ក្នុងក្លឹបកម្សាន្តនានា។

ផែនការសំខាន់ៗ ដែលដាក់ចេញដោយលោក ជា ពិសី ខាងលើនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍ ដោយមានការចូលរួមពី គណៈអភិបាលរង, លោកអធិការ, លោកមេបញ្ជាការរង, គណៈនាយក, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ, មន្រ្តីប៉ូលីស, យោធភូមិភាគពិសេស, លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សង្កាត់ទាំង៧, លោកមេភូមិ និងសណ្តាប់ធ្នាប់ខណ្ឌ សរុបចំនួន៧២នាក់ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។

លោក ជា ពិសី បានដាក់ចេញនូវផែនការសំខាន់ៗ មួយចំនួន ដើម្បីជំរុញមន្ត្រីយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព ជារបៀបវារៈចំនួន០៧ រួមមាន៖

*ទី១៖ របាយការណ៍ ភូមិ សង្កាត់ មានសុវត្ថិភាព
*ទី២៖ ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្រខណ្ឌ
*ទី៣៖ ការត្រួតពិនិត្យការងារចិញ្ចឹមត្រីក្នុងបែរត្រី និងស្ថិតិផ្ទះបណ្តែតទឹក
*ទី៤៖ ការងារស្រង់ស្ថិតិប្រជាពលរដ្ឋតាមបូរី ផ្ទះល្វែង ខុនដូរ
*ទី៥៖ ផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធ័រណេតអនឡាយក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងកម្ពុជា
*ទី៦៖ ផ្សព្វផ្សាយមិនអោយមានការប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្តនានា ក្នុងរាជធានីភ្នំពេញ
*និងទី៧៖ បញ្ហាផ្សេងៗទៀត៕