(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យតំណាងសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា-ជប៉ុន និងប្រតិភូនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា-ជប៉ុន (SSEAYP) លើកទី៤៦ ចូលជួបសម្ដែងការគួរសម នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកទឹកចិត្តឲ្យប្រតិភូយុវជន បន្តលើកស្ទួយកិត្តិយសប្រទេសជាតិ ក៏ដូចជានាំយកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ លោកបានបន្តថា ប្រតិភូយុវជនគួរតែបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាសសរទ្រូងនៃប្រទេសជាតិ។
ជាមួយគ្នានេះ តំណាងប្រតិភូបានថ្លែងថា អនុសាសន៍ណែនាំល្អៗ ដែលទទួលបានពីឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងក្លាយជាទុនចំណេះដឹងដ៏មានតម្លៃ សម្រាប់ប្រតិភូយុវជន ក្នុងការត្រៀមខ្លួន មុនចេញដំណើរទៅចូលរួមកម្មវិធី នាវាយុវជនអាស៉ីអាគ្នេយ៍ និងជប៉ុន លើកទី៤៦។ សមាគមនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា ក៏បានសម្ដែងការគោរព និងថ្លែងអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យតំណាងសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា និងប្រតិភូនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា ចូលជួបសម្ដែងការគួរសមនេះ។
កម្មវិធី នាវាយុវជនអាស៉ីអាគ្នេយ៍ និង ជប៉ុន (SSEAYP) លើកទី៤៦ នឹងប្រព្រឹត្តទៅមានរយៈពេល ៥១ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
កម្មវិធីនាវាយុវជនអាស៉ីអាគ្នេយ៍ និងជប៉ុន ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៧៤ ដោយរាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន ដើម្បីផ្តល់ឱកាសដល់យុវជន បានចូលរួមក្នុងសកម្មភាពទំនាក់ទំនងអន្តរជាតិ ការរៀនធ្វើការជាក្រុម និងការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកចំណេះដឹងផ្សេងៗ៕