(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើមន្ត្រីធ្វើកិច្ចការសំខាន់ៗចំនួន៤ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។
ចំណុចទាំងនោះរួមមាន ទី១៖ខិតខំពង្រីកចំណេះដឹងទាំងកម្រិតជំនាញ និងភាសាបរទេស, ទី២៖សហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម, ទី៣៖បញ្ចៀសដាច់ខាតការយកកម្រៃសេវាក្រៅផ្លូវការពីវិស័យឯកជន និងទី៤៖សហការជាមួយក្រុមការងារចុះពង្រឹងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនៅតាមស្ថាប័នរបស់ខ្លួន។
លោករដ្ឋមន្ត្រី បានលើកសំណើទាំងនេះឡើង នាឱកាសចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាពការងាររបស់មន្ទីរ និងផ្សព្វផ្សាយអំពីសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាកិច្ចការដែលរាជរដ្ឋាភិបាល និងក្រសួងកំពុងបន្តអនុវត្ត សំដៅជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មជាតិ។
ក្រៅពីសំណើខាងលើ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្ដកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានអនុម័តកាលពីខែមិថុនា ឆ្នាំ២០០៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន (ការចូលរួមពីគ្រប់ភាគី) រវាងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ធានាការអភិវឌ្ឍសង្គម និងការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
«ក្រសួងបានពង្រឹងការការពារកម្មសិទ្ធិបញ្ញា និងយន្តការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការក្លែងបន្លំ សំដៅការពារសុខមាលភាពប្រជាជនទាំងមូល តាមរយៈច្បាប់ចំនួនបី ដែលនឹងត្រូវដឹកនាំអនុវត្តដោយអគ្គនាយកដ្ឋានកាំកុងត្រូលថ្មីគឺ៖ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ, ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលច្បាប់ទាំងអស់នេះ បានអនុម័តរួចហើយដោយគណៈរដ្ឋមន្ត្រី ហើយបានបញ្ជូនទៅដល់រដ្ឋសភា ដើម្បីធ្វើការអនុម័ត នៅពេលរដ្ឋសភាបើកបវេសនកាលឡើងវិញ» លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
បន្ថែមលើនោះទៀត រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកឡើងអំពីសមិទ្ធផលការងារផ្នែកពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការចរចាទាញយកអត្ថប្រយោជន៍ផ្សេងៗ ពីកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ព្រមទាំងបានបង្ហាញនូវមោទនភាពចំពោះសមិទ្ធផលការងារទាំងឡាយ ដែលកើតចេញពីវប្បធម៌សាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្ម ក៏ដូចជាសាខាកាំកុងត្រូលរាជធានី-ខេត្ត៕