Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋងាយរងគ្រោះ ថ្លែងអំណរគុណសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយទទួលការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា សាខាខណ្ឌឫស្សីកែវ

23-08-2019 13:21

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចាស់ជរាក្រីក្រ ដែលងាយរងគ្រោះបំផុត ចំនួន២១គ្រួសារ រស់នៅសង្កាត់ចំនួន៤ មានសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំរេះទី១ សង្កាត់ ច្រាំងចំរេះទី២ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីពួកគាត់បានជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ក្នុងការដោះស្រាយក្នុងជីវភាពមួយចំនួន ពីក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមជម្រាបថា រយៈពេល៤ថ្ងៃជាប់គ្នានេះ ពោលគឺកាលពីរសៀលថ្ងៃទី១៩-២០-២១ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋក្រីក្រចាស់ជរា ដែលងាយរងគ្រោះ រស់នៅសង្កាត់ស្វាយប៉ាក ចំនួន៥គ្រួសារ សង្កាត់ច្រាំងចំរេះទី១, ៦គ្រួសារ សង្កាត់ ច្រាំងចំរេះទី២, ៥គ្រួសារ និងសង្កាត់គីឡូម៉ែត្រលេខ៦ ចំនួន៥គ្រួសារ សរុប២១គ្រួសារ បានទទួលការជួយសង្គ្រោះជាបន្តបន្ទាប់ ជាគ្រឿងឧបភោគបរិភោគ និងថវិកា សម្រាប់ដោះស្រាយក្នុងជីវភាពមួយចំនួន ពីក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ។

ចំពោះការងារមនុស្សធម៌នេះ លោកស្រី អាន ផល្លា ជាពិសី បានថ្លែងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះប៉ុណ្ណោះ ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

ក្រៅពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ, ប្រជាពលរដ្ឋចាស់ជរាក្រីក្រ ដែលងាយរងគ្រោះបំផុត ចំនួន២១គ្រួសារ សូមជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងបុត្រ និងចៅៗជាទីស្រឡាញ់៕