Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ៖ ក្នុងខេត្តគ្មានជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ

23-08-2019 12:49

(កំពង់ស្ពឺ)៖ ក្រោយពីមានការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យបរិភោគសាច់ជ្រូក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ក្រុមអាជីករ បាននាំគ្នាពិសារសាច់ជ្រូកសាមគ្គី ដែលរៀបចំធ្វើឡើងនៅមុខសាលាខេត្តកំពង់ស្ពឺ។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្ដបរិភោគសាច់ជ្រូកដូចធម្មតា កុំមានការព្រួយបារម្ភអំពីបញ្ហា ជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះថាជំងឺនេះមិនឆ្លងមកមនុស្សនោះទេ ពោលឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមទទួលទានសាច់ជ្រូកកុំបារម្ភ ក្រៅពីតំបន់ប៉ះពាល់ដែលគេបានហាមឃាត់ និងជ្រូកស្លាប់ដែលគេយកទៅកប់ចោល តំបន់ដ៏ទៃទៀតមិនមានប៉ះពាល់ទេ។ ខ្ញុំក៏ទទួលទានសាច់ជ្រូករាល់ថ្ងៃដែរ វាអត់មានការឆ្លងពីសត្វមកមនុស្សទេ»

ក្នុងឱកាសនោះដែរ លោក វ៉ី សំណាង បានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺមិនអាចរីករាលដាលឆ្លងមកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។ ដូច្នេះសូមប្រជាពលរដ្ឋ នាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ ព្រោះវាមិនឆ្លងដល់មនុស្សទេ។ ម្យ៉ាងទៀត ការហូបសាច់ជ្រូកឡើងវិញ គឺដើម្បីលើកទឹកចិត្តដល់កសិករចិញ្ចឹមក្នុងស្រុក និងបងប្អូនអាជីវករលក់សាច់ជ្រូកផងដែរ។

ទន្ទឹមនឹងនោះដែរលោកអភិបាលខេត្តបន្តថា ក្នុងខេត្តកំពង់ស្ពឺទាំងមូលគឺគ្មានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេសូម្បីតែមួយក្បាល ដោយឡែកសាច់ជ្រូក ដែលដាក់លក់នៅក្នុងទីផ្សារ សុទ្ធតែពិនិត្យត្រឹមត្រូវ ពីមន្ត្រីបសុពេទ្យខេត្តជាមុនសិន ទើបអនុញ្ញាតឲ្យនាំចេញមកលក់ទីផ្សារនានាបាន។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភឲ្យសោះថា សាច់ជ្រូកដែលដាក់លក់ជាជ្រកមានជំងឺ ពោលមន្រ្តីពេទ្យសត្វបានពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុត៕