(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុគ្គល២នាក់ ដែលពាក់ព័ន្ធករណីកិបកេងលុយក្រុមហ៊ុន HSC Beverages Co.,Ltd (OISHI) ដែលខ្លួនធ្វើការជាង២លានដុល្លារ។ បុគ្គលទី១៖ឈ្មោះ សុង សាក់លី តួនាទីជាអ្នកគ្រប់គ្រងទូទៅ និងទី២៖ឈ្មោះ សម រតនៈ តួនាទីជាប្រធានគណនី។
យោងតាមដីកាដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរ បានដាក់ជននេះត្រូវក្រោមការពិនិត្យពីបទ «រំលោភលើទំនុកចិត្តពិសេសដោយអភិបាល ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៣៩៣ នៃក្រុមព្រហ្មទណ្ឌ»។
សូមជម្រាបថា បុរស២នាក់នេះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជាបន្ដបន្ទាប់ ក្រោយទទួលពាក្យបណ្ដឹងថា បានកិបកេងលុយក្រុមហ៊ុន HSC Beverages Co.,Ltd (OISHI) ជាង ២លានដុល្លារសហរដ្ឋអាមេរិក។ បុគ្គលទាំងពីររូប ដែលត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនទី១៖ឈ្មោះ សុង សាក់លី តួនាទីជាអ្នកគ្រប់គ្រងទូទៅ ត្រូវចាប់ខ្លួននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ និងទី២៖ឈ្មោះ សម រតនៈ តួនាទីជាប្រធានគណនី ត្រូវបានចាប់ខ្លួនកាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។
សមត្ថកិច្ចបានបញ្ជាក់ថា ការចាប់ខ្លួនបុរសទាំងពីររូបខាងលើនេះ ត្រូវបានឡើងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន HSC Beverages Co.,Ltd ដោយក្រុមហ៊ុនបានសង្ស័យ និងរកឃើញថា ចាប់តាំងពីឆ្នាំ២០១៧ ក្រុមហ៊ុនបានបាត់បង់ប្រាក់ចំណេញ ប្រមាណជាង២លានដុល្លារ។
មុនឈានដល់ការដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ បុគ្គលឈ្មោះ សុង សាក់លី និងឈ្មោះ សម រតនៈ ព្រមទាំងអ្នកផ្សេងទៀតផងដែរ ដែលពាក់ព័ន្ធក៏បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ដើម្បីធ្វើសវនកម្មផ្ទៃក្នុង ប៉ុន្ដែក្រោយធ្វើកិច្ចសន្យាបុគ្គលទាំងពីរនាក់នេះ បានព្យាយាមគេចវេសមិនព្រមចូលខ្លួននោះឡើយ៕