(ព្រះសីហនុ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យអាសូរមួយបានកើតឡើង នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ដោយក្មេងៗចំនួន៥នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដធុនធំដឹកគ្រឿងចក្រ កិនស្លាប់២នាក់យ៉ាងអណោចអធ័ម។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើផ្លូវឯករាជ្យ ចំណុចផ្កាឈូកវិមានឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ3A-2331 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចបាត់ពីកន្លែងកើតហេតុ) ចំណែករថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក មានទិសដៅពីកើត ឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ ផ្លាស់ប្ដូរទិសបត់ឆ្វេងបុកម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ស្លែ គ្មានផ្លាកលេខ ជិះគ្នាចំនួន៥នាក់ ស្រីម្នាក់ (ក្មេងៗទាំងអស់)។
តុល្យការគ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់ក្មេងប្រុស ២នាក់ នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ក្មេង៣នាក់ ត្រូវបានដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ចជំនាញយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕