(តាកែវ)៖ មជ្ឈមណ្ឌលភាសាចិន «ហានហ្វា» ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលវិនិយោគដោយអ្នកវិយោគក្នុងខេត្ត ដោយចំណាយថវិកាអស់ប្រមាណ ៨៨ម៉ឺនដុល្លារ ត្រូវបានដាក់សម្ភោធឲ្យដំណើរការនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ដោយលោកអភិបាលខេត្តតាកែវ អ៊ូច ភា បានចូលរួមធ្វើជាអធិបតីនៅក្នុងពិធីសម្ភោធនេះ។
លោក ហាន ហ្វា នាយកមជ្ឈមណ្ឌលភាសាចិន «ហាន ហ្វា» ជាបញ្ញាវ័ន្តខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសចិន លើជំនាញគ្រប់គ្រងធុរៈកិច្ចបានថ្លែងថា មជ្ឈមណ្ឌលភាសាចិន ដែលសាងសង់លើដីផ្ទាល់ខ្លួន មានទំហ៊ំជាង ៦រយម៉ែត្រការ៉េ និងអាគារសិក្សាមានទំហ៊ំ ១,៨៨៨ ការ៉េ ចែកចេញជា ៣៥បន្ទប់ និងអាចទទួលសិស្សបានចំនួន ៨៦៨នាក់។
លោកថា នៅក្នុងអាគារសិក្សាបានបំពាក់ឧបករណ៍បរិក្ខាទំនើប និងសម្ភារសិក្សា ស្របតាមនិយាមគរុកោសល្យជាតិ-អន្តរជាតិ ដែលចំណាយដើមទុនផ្ទាល់ខ្លួន ១០០ភាគរយចំនួន ៨៨៨,០០០ ដុល្លារ។
លោកបានបន្តថា «គោលដៅរបស់មជ្ឈមណ្ឌលភាសាចិន «ហាន ហ្វា» គឺចង់ឲ្យយុវជនបន្តវេន ចេះភាសាចិនប្រកបដោយគុណភាពខ្ពស់ ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក និងធ្វើឲ្យយុវជនមានចំណេះដឹងពីវប្បធម៌ និងប្រវត្តិសាស្រ្តចិន ដើម្បីអភិវឌ្ឍន៍អាជីពពួកគេឲ្យកាន់តែល្អប្រសើរនៅថ្ងៃអនាគត»។
ថ្លែងនៅក្នុងឱកាសនោះលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានចាត់ទុកការវិនិយោគលើវិស័យអប់រំ នៅក្នុងខេត្តតាកែវនៅពេលនេះ ពិតជាផ្ដល់សារៈប្រយោជន៍កាន់តែខ្លាំងក្លាថែមទៀត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តតាកែវយើង។
លោកអភិបាលខេត្ត បានថ្លែងទៀតថា «វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាយើង មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ វិស័យឯកជនបានរួមចំណែកយ៉ាងសំខាន់ ក្នុងការវិនិយោគលើ វិស័យអប់រំ តាមរយៈការបើកសាលារៀន ប្រកបទៅដោយស្តង់ដារ ក្នុងការបណ្ឌុះបណ្ដាលធនធានមនុស្ស ប្រកបដោយចំណេះដឹងពិតប្រាកដ។ ដោយឡែក សម្រាប់ខេត្តតាកែវ ការបើកមជ្ឈមណ្ឌល ភាសាចិននៅពេលនេះ វានឹងរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្នែកភាសាចិនដល់កូនចៅរបស់ប្រជាពលរដ្ឋដែលចង់សិក្សាភាសាចិន ដោយមិនបាច់បញ្ជូនកូន ទៅសិក្សានៅរាជធានី ភ្នំពេញដែលនៅឆ្ងាយពីផ្ទះ»៕