(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ របស់ធនាគារវឌ្ឍនៈឤស៊ី ចំកាត់ (ធនាគារ ABA) ដែលកិច្ចការនេះបានទទួលការស្វាគមន៍ និងការគាំទ្រពីសំណាក់ធនាគារជាតិ នៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា។
ធនាគារវឌ្ឍនៈ ឤស៊ីចំកាត់ ជាក្រុមហ៊ុនទី៨ ដែលបានចុះបញ្ជីលក់មូលបត្រ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងជាក្រុមហ៊ុនទី៣ ដែលចុះបញ្ជីលក់មូលបត្រ បំណុលនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ដោយមានការរួមចំណែកគាំទ្រពី ក្រុមហ៊ុនមូលបត្រ SBI Royal Securities និងភាគីពាក់ព័ន្ធជាច្រើនទៀត សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារវឌ្ឍនៈ ឤស៊ី ចំកាត់ សរុបចំនួន៨៤៨,២១០ ត្រូវបានបញ្ជាទិញ ហើយបានកៀរគរមូលធនពីទីផ្សារបានប្រមាណ ២១លានដុល្លារឤមេរិក សម្រាប់ពង្រីកប្រតិបត្តិការឤជីវកម្មរបស់ខ្លួន។
ថ្លែងបើកក្នុងពិធីនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកថា ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ របស់ធនាគារវឌ្ឍនៈឤស៊ី ចំកាត់នេះ ជាវឌ្ឍនភាពថ្មីមួយទៀត នៃដំណើរឆ្ពោះទៅមុខ នៃវិស័យមូលបត្រកម្ពុជា ខណៈសញ្ញាបណ្ណសាជីវកម្មធនាគារ ABA នេះ គឺជាសញ្ញាបណ្ណកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់ លទ្ធភាពសង កម្រិត ßBà ពីភ្នាក់ងារវាយតម្លៃ S&P Global។
សមិទ្ធផលនេះ នឹងក្លាយជាគំរូថ្មីមួយទៀតដល់ក្រុមហ៊ុន សហគ្រាស ជាពិសេសគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងឡាយ ដែលមានបំណងប្រមូលទុន ពីផ្សារមូលបត្រកម្ពុជា ដោយឤចបោះផ្សាយសញ្ញាបណ្ណនេះ ដែលឤចកៀរគរមូលធនបន្ថែម ដើម្បីពង្រីក និងដំណើរការឤជីវកម្មរបស់ខ្លួន ឲ្យប្រកបដោយចីរភាព និងសម្រាប់រួមចំណែកគាំទ្រ ដល់ការរីកលូតលាស់ នៃផលិតកម្ម និងសេវាកម្មនៅកម្ពុជា។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា ផ្សារមូលបត្រកម្ពុជា បាននិងកំពុងក្លាយទៅជាច្រកហិរញ្ញប្បទានមួយ សម្រាប់ក្រុមហ៊ុន សហគ្រាស ដែលត្រូវការទុនបន្ថែម និងកំពុងបានផ្តល់នូវបរិយាកាសអំណោយផល ដល់អ្នកចូលរួមនៅក្នុងទីផ្សារមូលបត្រនេះ។
ជាក់ស្តែង ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបង្កើតឱកាសកៀរគរមូល-ធនតាមរយៈ មូលបត្រមានចំនួនសរុបប្រមាណ ជាង១៦១លានដុល្លារឤមេរិក ហើយក្នុងនោះការកៀរគរមូលធនតាមរយៈ មូលបត្របំណុលមានចំនួនប្រមាណ៧១លានដុល្លារឤមេរិក ខណៈដែលផ្សារនេះទើបចាប់ផ្តើមការងារ ក្នុងរយៈពេលជិត៨ឆ្នាំកន្លងមកនេះ។ នេះជាទំហំមូលធនដ៏ធំធេងមួយ ដែលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឤចបើកឱកាសកៀរគរ បានមូលធនពីទីផ្សារក្នុងស្រុក។
ទន្ទឹមនេះ ជាមួយនឹងការគិតគូរជំរុញលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាលើវិស័យនេះ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិបត្តិករទាំងអស់ក្នុងវិស័យនេះ ពិសេសក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងបង្កលទ្ធភាពខ្ពស់ឲ្យក្រុមហ៊ុនថ្មីជាច្រើនទៀត នឹងហក់ចូលក្នុងទីផ្សារមូលបត្រនេះ ហើយក្រុមហ៊ុនទាំងនោះ នឹងកៀរគរបានមូលធនច្រើនបន្ថែមទៀត សម្រាប់ពង្រីកផលិតកម្ម-សេវាកម្ម ហើយសកម្មភាពជួញដូរក្នុងផ្សារមូលបត្រកម្ពុជាក៏នឹងកើនឡើងកាន់តែខ្ពស់ ដែលរួមចំណែកបន្តពង្រីកបានមូលដ្ឋានកំណើន និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងពេលអនាគត។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់បន្ថែមថា ចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យមូលបត្រនេះ ឲ្យមានការរីកចម្រើនទៅមុខទៀត ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។
ជាក់ស្តែងនៅដើមឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យ ស្តីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រជាលើកទី៣ ដើម្បីលើកទឹកចិត្ត និងជំរុញក្រុមហ៊ុន សហគ្រាសទាំងឡាយឲ្យធ្វើការបោះផ្សាយ និងចុះបញ្ជីមូលបត្រនៅផ្សារមូលបត្រកម្ពុជា ដែលក្នុងនោះនឹងធ្វើឲ្យក្រុមហ៊ុន/សហគ្រាស បោះផ្សាយមូលបត្រ ទទួលបានការបន្ថយពន្ធលើប្រាក់ចំណូល ៥០% នៃពន្ធលើប្រាក់ចំណូលត្រូវបង់រយៈពេល៣ឆ្នាំ បន្ទាប់ពីការចុះបញ្ជី និងទទួលបានការអនុគ្រោះបំណុលពន្ធទាំងស្រុង ករណីក្រុមហ៊ុន/សហគ្រាសចុះបញ្ជីក្នុងរយៈពេល៣ឆ្នាំ៘ នេះជាចំណុចសំខាន់ ដើម្បីបន្តលើកកម្ពស់ វិស័យមូលបត្រនៅកម្ពុជាធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងប្រកបដោយចីវភាព៕