(ភ្នំពេញ)៖ ជាមួយនឹងការទិញបានយន្តហោះធុនធំថ្មីៗរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានស្នើជាថ្មីដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ ពិចារណាលើការបង្កើនជើងហោះហើរត្រង់បន្ថែម ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ចិន ជប៉ុន កូរ៉េ ឥណ្ឌា និងស្រីលង្កាជាដើម ដើម្បីចូលរួមជំរុញកំណើនទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ការស្នើយ៉ាងដូច្នេះត្រូវបានធ្វើឡើងនាឱកាសលោករដ្ឋមន្ត្រី ថោង ខុន ទទួលជួបពិភាក្សាជាមួយគណៈប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air គួរពិចារណាបង្កើនការហោះហើរត្រង់ពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀត ពិសេសតំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជារដ្ឋធានីប៉េកាំង ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវជាដើម ពីព្រោះកន្លែងដែលមានស្ថានអគ្គកុងស៊ុល ភ្ញៀវទេសចរងាយស្រួលក្នុងការសុំទិដ្ឋការចូលមកទស្សនាកម្ពុជា។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិ ពន្លឿនការសិក្សាលើការតភ្ជាប់ជើងហោះហើរត្រង់ ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ជប៉ុន និងកូរ៉េផងដែរ ពិសេសត្រូវចូលរួមជាមួយក្រសួងទេសចរណ៍ ដើម្បីរួមគ្នាផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ជប៉ុន និងកូរ៉េ ពីព្រោះទីផ្សារទេសចរណ៍នៅជប៉ុន និងកូរ៉េ ជាទីផ្សារមួយដ៏ធំ។
លោក ថោង ខុន បានបន្តថា ចំពោះទីផ្សារជប៉ុន បច្ចុប្បន្នមានតែក្រុមហ៊ុនអាកាសចរណ៍ ANA តែមួយប៉ុណ្ណោះ ដែលបើកការហោះហើរត្រង់ពីទីក្រុងតូក្យូរបស់ជប៉ុនមករាជធានីភ្នំពេញ ប៉ុន្តែការហោះហើរត្រង់ពី ទីក្រុងអូសាកា ទីក្រុងហ៊្វុយកូកា មកកាន់ខេត្តសៀមរាប គឺមិនទាន់មាននៅឡើយទេ។ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ត្រូវគិតគូរពន្លឿនកិច្ចការនេះ។
ចំពោះអនុសាសន៍ដែលពាក់ព័ន្ធនឹងគោលដៅទេសចរណ៍ នៃប្រទេសខាងលើនេះ ត្រូវបានគណៈប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ឯកភាពថានឹងចូលរួមជាមួយក្រសួងទេសចរណ៍ ពិសេសក្រុមហ៊ុនលោកនឹងអាចធ្វើបាន ដោយហេតុថាក្រុមហ៊ុនរបស់លោកបានទិញយន្តហោះប្រភេទ Airbus 321 ធុនធំថ្មីៗ មានធុងផ្ទុកដាក់សាំងធំជាងមុន សម្រាប់ដឹកអ្នកដំណើរទៅកាន់គោលដៅឆ្ងាយៗ។
ចំពោះគោលដៅទេសចរណ៍នៅប្រទេសឥណ្ឌា ពិសេសនៅរដ្ឋធានីញូដេលី រដ្ឋអាសាំ កាល់កូតាក៏ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ត្រូវចូលរួមជំរុញឱ្យបានផងដែរ ពីព្រោះថាវិស័យទេសចរណ៍សាសនារវាងកម្ពុជា និងឥណ្ឌា កំពុងទទួលបានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងនោះភ្ញៀវទេសចរកម្ពុជាទៅឥណ្ឌាកាន់តែច្រើន ហើយទេសចរឥណ្ឌាក៏មកកម្ពុជាកាន់តែមានការកើនឡើងដែរ ប៉ុន្តែមិនទាន់មានជើងហោះហើរត្រង់នៅឡើយ ពិសេសពីរដ្ឋធានីញូដេលីមករាជធានីភ្នំពេញ។
ចំណែកឯការតភ្ជាប់ពីកម្ពុជាទៅស្រីលង្កា ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន ជំរុញទៅកាន់លោកអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ដូចប្រទេសទាំងបីខាងលើផងដែរ ពីព្រោះកាលពីពេលថ្មីៗកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពជាមួយប្រធានាធិបតីស្រីលង្កា លោក ម៉ៃទ្រីប៉ាឡា សិរីសេនា (Maithripala Sirisena) លើការស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពិសេសគឺការបង្កើតខ្សែទស្សនកិច្ចទេសចរណ៍បែបពុទ្ធសាសនាជាមួយគ្នា។
ពាក់ព័ន្ធនឹងសំណើរបស់លោករដ្ឋមន្ត្រី ថោង ខុន ក៏ដូចជាបំណងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងខាងលើនេះ ត្រូវបានគណៈប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ឯកភាពទទួលយកទៅពិចារណា និងរៀបចំការសិក្សាឱ្យបានលម្អិតបន្ថែម៕