(ភ្នំពេញ)៖ លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួនបុគ្គលឈ្មោះ សុច ច័ន្ធរិន ហៅ និន ដាក់ពន្ធនាគារព្រៃស (ម១) រង់ចាំការជំនុំជម្រះទោសនៅពេលក្រោយ។ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។
សូមរំលឹកថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហាញមុខជនសង្ស័យ ដែលធ្វើសកម្មភាពឆក់កាបូប និងភ្ជង់ប្លន់យកម៉ូតូ កាលពីវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ស្ថិតនៅចំណុចមុខផ្ទះលេខ៤៩៤អឺ០ ផ្លូវព្រះសីហនុ ក្រុម៤៧ ភូមិ១១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ដោយយោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ មានជនសង្ស័យម្នាក់ បានឆក់កាបូបរបស់គាត់ និងបានប្រើអាវុធខ្លីមួយដើមថែមទៀត។ ក្រោយពីបានទទួលពាក្យបណ្តឹងរួចមក កម្លាំងសមត្ថកិច្ចការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវរហូតឈានដល់ ការកំណត់នូវមុខសញ្ញា ដែលបានធ្វើសកម្មភាពឆក់កាបូប និងប្រដាប់ដោយអាវុធខ្លមួយដើម។
លោក ប៊ុន សត្យា បានបន្តទៀតថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៦៖៣០នាទីព្រឹក មានករណីជនសង្ស័យម្នាក់ឈ្មោះ សុច ច័ន្ធរិន ហៅនិន ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាហ្សូមមេអិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-3436 និងមានអាវុធខ្លី មួយដើម ម៉ាកK59 លេខ 5173 បង់ចំនួនមួយ គ្រាប់ចំនួន ៨គ្រាប់ នៅក្នុងហោប៉ៅខោ។ នៅពេលជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះ កំពុងឈរនៅជិតម៉ូតូ មួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GN-5163 មានកាន់កាបូបស្ពាយ ដាក់លើកែបម៉ូតូ ភ្លាមៗនោះ ជនសង្ស័យឈ្មោះ សុច ចន្ធ័រិន ហៅនិន ឃើញបែបនេះ ក៏ជិះម៉ូតូចូលទៅជិតជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពីជនរងគ្រោះបានសម្រេច រួចក៏ជិះម៉ូតូគេចខ្លួន។
ភ្លាមៗនោះ ជនរងគ្រោះបានស្រែកឆោឡោឡើង ហើយរត់តាមជនសង្ស័យ ពេលនោះប្តីរបស់ជនរងគ្រោះដែលនៅជិតនោះបានឮ ក៏បានបើកម៉ូតូដេញតាមជនសង្ស័យពីក្រោយ រហូតដល់ចំណុចមុខផ្ទះលេខ១៦៩អឺ០ ផ្លូវលេខ៣៣៦ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា ក៏តាមទាន់ជនសង្ស័យ ហើយយកជើងធាក់ម៉ូតូរបស់ជនសង្ស័យបណ្តាលឱ្យដួលម៉ូតូទាំងអស់គ្នា ភ្លាមៗនោះ ប្តីរបស់ជនរងគ្រោះ ក៏ដណ្តើមបានកាបូបស្ពាយ ពីជនសង្ស័យវិញរួចមក ជនសង្ស័យឈ្មោះ សុច ច័ន្ធរិន ហៅនិន ក៏បានទុកម៉ូតូរបស់ខ្លួនចោល ហើយរត់ទៅលើកម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដា PCX ជិះចេញគេចខ្លួនបន្តបានប្រហែល ៣០ម៉ែត្រ ជនរងគ្រោះក៏បានចុចតេលេបញ្ជា ធ្វើឲ្យម៉ូតូរលត់ម៉ាស៉ីន ហើយយជនសង្ស័យដួលម៉ូតូ រួចក៏ជ្រុះអាវុធខ្លីមួយដើម ម៉ាក K59 លេខ 5173 ទៅលើថ្នល់ ភ្លាមៗនោះជនសង្ស័យឈ្មោះ សុច ចន្ធ័រិន ហៅនិន បានរត់ទៅរើសអាវុធខ្លី រួចបាញ់សំដៅទៅលើជនរងគ្រោះចំនួន ២គ្រាប់ ផ្ទុះមួយគ្រាប់ ប៉ុន្តែមិនត្រូវជនរងគ្រោះឡើយ។
បន្ទាប់ពីបាញ់សំដៅទៅជនរងគ្រោះរួចមក ជនសង្ស័យឈ្មោះ សុច ច័ន្ធរិន ហៅនិន ក៏បានកាន់អាវុធខ្លីនៅដៃរត់តាមផ្លូវលេខ២១៥ គេចខ្លួនបន្តទៀត រហូតដល់ចំណុចមុខភោជនីយដ្ឋាន ប៉ៃហ៊ីន ទីតាំងលេខ៤២ ផ្លូវ២១៥ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ក៏បានឃើញជនរងគ្រោះ២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នាម៉ាក ហុងដា MOOVE ពណ៌ខ្មៅផ្ទៃមេឃ ស៊េរីឆ្នាំ២០១៨ ពាក់លេខ ភ្នំពេញ 1GY-2324 ភ្លាមៗនោះ ជនសង្ស័យបានយកអាវុធខ្លីម៉ាក K59 ភ្ជង់ទៅលើជនរងគ្រោះ ដើម្បីយកម៉ូតូជិះគេចខ្លួន។
រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧៖៣០នាទីព្រឹក កម្លាំងការិយាល័យបានធ្វើការស្រាវជ្រាវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ន គរបាលរដ្ឋបាលផ្សារថ្មី១ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយមានឈ្មោះ សំ បណ្ឌិត ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ កែវ វណ្ណៈ ភេទប្រុស អាយុ ៣១ឆ្នាំ នៅចំណុចកន្លែងផ្ញើម៉ូតូក្នុងមន្ទីរពេទ្យ ព្រះអង្គឌួង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ និងចាប់យកម៉ូតូ មួយគ្រឿង ម៉ាកហុងដា MOOVE ពណ៌ខ្មៅផ្ទៃមេឃ លេខតួ 5210272 លេខម៉ាស៊ីន 1210272 ស៊េរីឆ្នាំ២០១៨ ពាក់លេខ ភ្នំពេញ 1GY-2324 ដែលពាក់ព័ន្ធករណីខាងលើ ត្រូវបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ ចាត់ការតាមនីតិវិធី។
ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សំ បណ្ឌិត និងឈ្មោះ កែវ វណ្ណៈ និងមានចម្លើយសារភាពនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១៖០០នាទីព្រឹក កម្លាំងការិយាល័យបានបន្តស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សុច ច័ន្ធរិន ហៅនិន នៅចំណុចផ្ទះជួល គ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងចាប់យកវត្ថុតាងអាវុធខ្លី មួយដើម ម៉ាកK59 លេខ5173 បង់ចំនួនមួយ និងគ្រាប់ចំនួន ៧គ្រាប់ ដែលបានប្រព្រឹត្តបទល្មើសខាងលើ បញ្ជូនមកកាន់ការិយាល័យជំនាញ។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវឃាត់ខ្លួនខាងលើមានឈ្មោះ សុច ច័ន្ធរិន ហៅ និន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសនិ្តសុខ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំពោះជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើក លើកទី១ ពីបទប្លន់យកទូរស័ព្ទដៃ (ប្រើអាវុធភ្ជង់គំរាម) កាលពីឆ្នាំ២០០៥ បន្ទាប់ពីជាប់ពន្ធនាគារ ម១ រយៈពេល ៨ឆ្នាំ ត្រូវបានដោះលែងវិញនៅឆ្នាំ២០១៣ លើកទី២ ពីបទឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីជាប់ពន្ធនាគារ ម១ រយៈពេល១ឆ្នាំ ត្រូវបានដោះលែងវិញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។
ទី២៖ ឈ្មោះ សំ បណ្ឌិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១អឺ២ ផ្លូវលេខ១៤២ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ និងទី៣៖ ឈ្មោះ កែវ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវមិនចាំលេខ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកឯវត្ថុតាងចាប់យករួមមាន៖ សំបកគ្រាប់ចំនួន មួយគ្រាប់ មានលេខ PMG 380AUTO, ក្បាលគ្រាប់បាញ់រួចចំនួន មួយគ្រាប់, អាវុធខ្លីចំនួន មួយដើម ម៉ាក K59 លេខ5173 បង់ចំនួនមួយ គ្រាប់ចំនួន ៧គ្រាប់ និងម៉ូតូមួយគ្រឿង របស់ជនសង្ស័យដែលជិះធ្វើសកម្មភាព ម៉ាកហុងដាហ្សូមមើអិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-3436 និងម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ប្រផេះ លេខតួ-លេខម៉ាស៉ីន 0017976 គ្មានលេខ (ចាប់យកពីឈ្មោះ សំ បណិ្ឌត)។
ចំណែកឯជនរងគ្រោះទាំង ២នាក់មានឈ្មោះ នាក់ សារឹម ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦៩ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ និងទី២៖ ឈ្មោះ ថៃ រតនា ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១០៣ ផ្លូវលេខ៩ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើការប្រគល់ជូន ជនរងគ្រោះវិញផងដែរ៕