(ភ្នំពេញ)៖ និស្សិតជំនាញគ្រប់គ្រងម៉ាឃីធីង និងសេដ្ឋកិច្ចចំនួន ៣០នាក់ ក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ អាស៉ីអឺរ៉ុប បានចុះធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន អង្គរឌែរី ប្រូដាក ខូលអិលធីឌី ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤ ភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទស្សនកិច្ចនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
លោក ភួន វណ្ណៈ ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច ដែលបានដឹកនាំប្រតិភូនិស្សិត ចុះធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុននេះ បានឲ្យដឹងថា សកម្មភាពនេះ ធ្វើឡើងដោយអនុលោមតាមចក្ខុវិស័យ របស់សាកលវិទ្យាល័យ អាស៉ីអឺរ៉ុប តាមរយៈការផ្សារភ្ជាប់ការសិក្សាទ្រឹស្តី នៅក្នុងថ្នាក់ទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីឱ្យនិស្សិតគ្រប់កម្រិត គ្រប់ជំនាញទាំងអស់ បានចុះឈ្វេងយល់ពីសង្វាក់ផលិតកម្ម និងប្រព័ន្ធប្រតិបត្តិការការងារ នៅតាមរោងចក្រ ក្រុមហ៊ុននិងសហគ្រាសនានា ដើម្បីពង្រឹងសមត្ថភាពនិស្សិត ឱ្យកាន់តែមានគុណភាពបន្ថែមទៀត។
លោកព្រឹទ្ធបុរស បានបន្តថា ជារៀងរាល់ឆ្នាំ និងរាល់ឆមាស សាកលវិទ្យាល័យ អាស៉ីអឺរ៉ុប តែងតែបានរៀបចំឱ្យមានដំណើរ ចុះធ្វើទស្សនកិច្ចសិក្សា របស់និស្សិតជាប្រចាំ ដើម្បីឲ្យពួកគេទទួលបាននូវចំណេះដឹង ជំនាញ និងបំណិន សម្រាប់យកទៅបំពេញការងារ នៅតាមបណ្តាស្ថាប័នសាធារណៈ និងវិស័យឯកជននានា ប្រកបដោយប្រសិទ្ធភាព ទៅតាមមុខជំនាញរៀងៗខ្លួនរបស់និស្សិត។
ក្រៅពីលើកការឡើងខាងលើ លោក ភួន វណ្ណៈ បានរៀបរាប់នូវគោលបំណង នៃដំណើរចុះធ្វើទស្សកិច្ចសិក្សារបស់និស្សិត រួមមានដូចជា៖
១៖ ស្វែងយល់ពីសង្វាក់ផលិតកម្ម និងប្រព័ន្ធប្រតិបត្តិការការងារផលិតជាក់ស្តែង របស់រោងចក្រ អង្គរ ឌែរី ប្រូដាកខូ អិលធីឌី ដែលធ្វើការចែកចាយផលិតផលសម្រច ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
២៖ ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដូចជា ការកំណត់ចក្ខុវិស័យ បេសកកម្ម គោលដៅ និងយុទ្ធសាស្រ្តរបស់រោងចក្រជាដើម
៣៖ ធ្វើឱ្យនិស្សិតកាន់តែយល់ដឹងអំពីកំណើន នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក និងបរទេស
៤៖ ស្វែងយល់ពីវិធីសាស្រ្ត និងសកម្មភាពផលិតទឹកដោះគោ វិធីសាស្រ្ត នៃការរក្សាគុណភាពផលិតផលទឹកដោះគោ និងការដឹកជញ្ជូនទៅកាន់ទីផ្សារ រួមទាំងការប្រើយុទ្ធសាស្រ្តទីផ្សារ សម្រាប់អតិថិជនសក្តានុពលផងដែរ
៥៖ ស្វែងយល់ពីការផ្គត់ផ្គង់ និងការបំពេញតម្រូវការផលិតផលទឹកដោះគោ ចំពោះអតិថិជនតាមរយៈគុណភាព និងថ្លៃនៅលើទីផ្សារ ព្រមទាំងយុទ្ធសាស្រ្តជំរុញការលក់ យុទ្ធសាស្រ្តពង្រឹង និងពង្រីកទីផ្សារសក្តានុពលនៅកម្ពុជា
៦៖ ស្វែងយល់ពីអត្ថប្រយោជន៍ នៃផលិតផលទឹកដោះគោ ដល់សុខភាពរបស់អ្នកប្រើប្រាស់
៧៖ ស្វែងយល់ពីការផ្តត់ផ្គង់នូវគុណភាពនៃវត្ថុធាតុដើម (ការសម្រាំងវត្ថុធាតុដើមសម្រាប់ផលិតផលទឹកដោះគោ)
៨៖ ស្វែងយល់ពីយុទ្ធសាស្រ្ត នៃការកំណត់ថ្លៃផលិតផលទឹកដោះគោទាំងបីប្រភេទ ទឹកដោះគោបឺតអង្គរមីល យ៉ាអ៊ួអង្គរមីល និងទឹកគោខាប់អង្គរមីល BESTCOWS យកប្រៀបលើគូប្រកួតប្រជែង ដែលនាំចូលពីបរទេស និងក្នុងស្រុក
៩៖ ស្វែងយល់ពីដំណើរការចាត់ចែង និងការគ្រប់គ្រងផលិតកម្មរបស់ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូលអិលធីឌី។
កម្មវិធីនៃទស្សកិច្ចសិក្សារបស់និស្សិតនេះ អ្នកស្រី រ៉េន ស្រីម៉ៅ ជាតំណាងក្រុមហ៊ុន និងក្រុមការងាររបស់រោងចក្រ បានធ្វើបទបង្ហាញ និងដឹកនាំសាស្រ្តាចារ្យ បុគ្គលិក និងក្រុមនិស្សិត សាកលវិទ្យាល័យ អាស៉ីអឺរ៉ុប ទៅទស្សនាសង្វាក់ផលិតកម្ម ព្រមទាំងពន្យល់នូវចំណុចល្អៗជាច្រើន ក្នុងរោងចក្រ ដែលធ្វើឱ្យនិស្សិតកាន់តែយល់ច្បាស់ អំពីការរៀបចំនាំចូលវត្ថុធាតុដើមពីបរទេស និងក្នុងស្រុកសម្រាប់ផលិតទឹកដោះគោ ប្រព័ន្ធវេចខ្ចប់មានសុវត្ថិភាព អនាម័យ និងភាពទាក់ទាញរបស់ផលិតផល ក្រមសីលធម៌ និងការទទួលខុសត្រូវរបស់ក្រុមហ៊ុន ចំពោះការចែកចាយលើទីផ្សារ ការទទួលសិទ្ធិអនុញ្ញាត ពីរាជរដ្ឋាភិបាល និងការទទួលស្គាល់ ពីអង្គការទទួលស្គាល់គុណភាព ផលិតផលពីអន្តរជាតិ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតទឹកដោះគោ កម្ពុជា អង្គរ ឌែរី ប្រូដាក ខូល អិល ធីឌី គឺជាទឹកដោះគោ ដែលមានរសជាតិឆ្ងាញ់ និងទទួលបានការគាំទ្រយ៉ាងច្រើន ពីអតិថិជនលើទីផ្សារនៅកម្ពុជា៕