(ភ្នំពេញ)៖ The One Mall ដែលជាផ្សារទំនើបដ៏ធំ ក្នុងតំបន់កោះពេជ្រ នឹងលេចចេញជារូបរាង នៅចំកណ្តាល រាជធានីភ្នំពេញ ដោយនឹងផ្តល់ជូននូវជម្រើសយ៉ាងសម្បូរបែប ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យជាច្រើន ដល់អ្នកទិញទំនិញទាំងឡាយ។
The One Mall ជាផ្សារទំនើបដ៏ធំមួយ ដែលមានកម្ពស់បីជាន់ និងស្ថិតក្នុងដំណាក់កាល នៃការសាងសង់មានទីតាំងស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ដែលជាទីប្រជុំជនប្រមូលផ្តុំ ទៅដោយសាលារៀន សណ្ឋាគារ និងក្រុមហ៊ុនអាជីវកម្មជាច្រើន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន The One Mall Management (Cambodia) Co., Ltd។
ក្រោយពេលបញ្ចប់ការសាងសង់ The One Mall នឹងក្លាយជាផ្សារទំនើបមួយ ដែលមានភាពលេចធ្លោ និងទាក់ទាញបំផុត នៅកណ្តាលរាជធានីភ្នំពេញ នឹងផ្តល់ជូននូវការលក់ទំនិញគ្រប់មុខជាច្រើនប្រភេទ រួមទាំង ផលិតផលម៉ាកល្បីៗក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងការផ្តល់ជូននូវរបៀបរបបរស់នៅ ក្នុងភាពស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបទពិសោធន៍ នៃការកម្សាន្តយ៉ាងសម្បូរបែប មួយកម្រិតទៀត ដល់សាធារណជនទាំងឡាយ។
ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយគម្រោង The One Mall នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក Chris Wong អគ្គនាយកក្រុមហ៊ុន The One Mall Management បានថ្លែងថា «ឆ្លើយតបទៅនឹងកំណើនតម្រូវការ នៃបទពិសោធន៍ក្នុងការរស់នៅ ប្រកបដោយភាពស៊ីវិល័យរបស់ប្រជាជននៅកម្ពុជា ផ្សារទំនើប The One បានប្រមូលផ្តុំនូវការលក់ទំនិញ រាយដោយផ្អែកលើបទពិសោធន៍ និងសកម្មភាពជាក់ស្តែងនៅក្នុងទីក្រុង ហើយក៏បានផ្តល់ជូននូវឱកាសរួមគ្នាមួយ សម្រាប់អ្នកលក់ទំនិញរាយទាំងឡាយ ដើម្បីលក់ផលិតផល ម៉ាកល្បីៗរបស់ពួកគាត់ផងដែរ»។
លោកថា «តាមរយៈកិច្ចសហការ ជាមួយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមួយ ដែលមានបទពិសោធន៍ យ៉ាងទូលំទូលាយនៅក្នុងវិស័យនេះ យើងរំពឹងថា នឹងសម្រេចបានការផ្តល់ជូន នូវការលក់ទំនិញរាយគ្រប់ប្រភេទ ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ ដែលអតិថិជនតែងតែប្រាថ្នាចង់បាន»។
លោក Chris Wong បានបន្តទៀតថា ការសម្រេចចិត្តក្នុងការវិនិយោគផ្សារទំនើបដ៏ធំ និងស៊ីវិល័យ នៅកណ្តាលទីក្រុង មួយនេះ គឺជាការឆ្លើយតបទៅនឹងទម្លាប់ ក្នុងការចំណាយលើតម្រូវការ ឥតឈប់ឈររបស់ប្រជាជន កម្ពុជា ដែលមាន ការកើនឡើងជាលំដាប់ ស្របពេលដែលផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ក៏មានកំណើនគួរឲ្យកត់សម្គាល់ ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាទៀតសោត ក៏មានស្ថិរភាពផងដែរ។
លោកថា «ទាំងនេះហើយ ដែលជាកត្តាបង្កើនឱកាសថ្មីៗជាច្រើន សម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ តាមរយៈការវិនិយោគរបស់យើងនាពេលនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា យើងកំពុងចូលរួមចំណែក យ៉ាងសំខាន់ និងមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ក៏ដូចជាការឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ ពីភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជាផងដែរ»។
លោក Wong មានសុទិដ្ឋិនិយមថា «The One Mall នឹងទទួលបានការទាក់ទាញ និងការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតិថិជនចំពោះផលិតផលម៉ាកល្បីៗទាំងអស់ ដែលមានវត្តមានជាយូរណាស់មកហើយ នៅកម្ពុជា។ The One Mall ជាផ្សារទំនើបដែលស័ក្តិសមបំផុត សម្រាប់សាធារណជនទាំងអស់ ដោយផ្តោតសំខាន់ទៅលើការផ្តល់ជូននូវជម្រើស និងបទពិសោធន៍ថ្មីៗ ប្លែកៗ សម្រាប់ការកម្សាន្តលំហែកាយ និងទិញផលិតផលម៉ាកល្បីៗ ប្រកបដោយគុណភាពខ្ពស់»៕