(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីអំពី ការផ្ទេរ មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តី ពាក់ ព័ន្ធផងដែរ។
សូមជម្រាបថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជា កំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏មានសារសំខាន់របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តចាប់តាំងពី ឆ្នាំ២០០១មក និងបានបង្កើតនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធទៅ នឹងការកែសម្រួលឡើងវិញ នូវរចនាសម្ព័ន្ធ ប្រព័ន្ធ គ្រប់គ្រង និងនីតិវិធីបំពេញការងារ របស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ។
តាមរយៈការអនុវត្តកំណែទម្រង់នេះ ការផ្ទេរ មុខងារ គឺជាសមាសភាពស្នូលមួយ ដែលអាចឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញតួនាទី និងការទទួលខុសត្រូវ យ៉ាងសំខាន់សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈនានាដោយ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបញ្ហាប្រឈម ជាអាទិ៍ភាពនានាតាមមូលដ្ឋាន។ ប្រការនេះបានចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាព ដល់ការលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ៕