(ភ្នំពេញ)៖ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានព្យាករថា នៅថ្ងៃអនាគតស្ថាប័នមីក្រូហិរញ្ញវត្ថុតូចៗនៅកម្ពុជាមួយចំនួន អាចនឹងត្រូវច្របាច់បញ្ជូលគ្នា ឬត្រូវបានក្រុមហ៊ុនធំៗទិញ ដើម្បីបញ្ជូលគ្នាជាមួយក្រុមហ៊ុនផ្សេងទៀត ព្រោះថាស្ថាប័នតូចៗ អាចនឹងមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងជាមួយគ្រឹះស្ថានធំៗនោះឡើយ។
ការលើកឡើងបែបនេះរបស់លោក គា បូរាណ ធ្វើឡើងក្នុងឱកាសផ្ដល់កិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News។
លោក គា បូរាណ បានអះអាងថា «នៅក្នុងទីផ្សារសេរីកាលណាមាន អ្នកផ្ដល់សេវាកាន់តែច្រើន មិនមែនជារឿងអាក្រក់នោះឡើយ ដោយសារការប្រកួតប្រជែងខ្លាំង អាចនាំឲ្យសេវាកម្មតម្លៃបានប្រសើរដល់អ្នកប្រើប្រាស់ដែរ។ ដូច្នេះអាចនិយាយបានថា អ្នកប្រើប្រាស់គាត់ទទួលបានផលពីការប្រកួតប្រជែង។ ...នៅថ្ងៃខាងមុខ មីក្រូហិរញ្ញវត្ថុតូចៗ អាចនឹងបង្រួមចូលគ្នា មានអ្នកធំទិញ ដើម្បីបញ្ជូលជាមួយក្រុមហ៊ុនផ្សេងៗ ឬប្រមូលផ្ដុំចូលគ្នា ព្រោះតែស្ថាប័នពួកគាត់តូចៗពេក មិនអាចប្រកួតប្រជែងឈ្នះគេឡើយ។ ទាំងនេះជារឿងធម្មតា បើក្រឡែកមើលតាមបណ្ដាប្រទេសផ្សេងៗ វិស័យមួយចំនួន ក៏ត្រូវបានរួមបញ្ជូលគ្នា ដើម្បីធ្វើឲ្យពួកគាត់មានទំហំធំ និងអាចប្រកួតប្រជែងជាមួយគេបានដែរ»។
រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រមាណ១០០គ្រឹះស្ថាន កំពុងបម្រើសេវាផ្តល់ហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋប្រមាណ២លាននាក់។ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តថា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១០០នេះ មិនអាចនិយាយបានថា ច្រើន ឬតិចឡើយ ព្រោះ តម្រូវការឥណទាននៅតែមាន ហើយចំនួនប្រជាជនដែលខ្ចីប្រាក់នៅតែមាន ដោយសារតែបរិបទសេដ្ឋកិច្ចនៅកម្ពុជាផ្លាសប្ដូរ និងមានការរីកចម្រើនដែលធ្វើឲ្យ ប្រជាជនត្រូវការឥណទានប្រើប្រាស់ច្រើនជាងមុន។
ជាមួយគ្នានេះ លោក គា បូរាណ ក៏បានស្នើសូមដល់ប្រជាពលរដ្ឋថា មុននឹងប្រើប្រាស់កម្ចីត្រូវពិចារណា ឲ្យបានច្បាស់លាស់ថា តើការខ្ចីប្រាក់ទៅមានបំណងចង់ធ្វើអ្វី? មានផែនការច្បាស់លាស់ឬទេ មានប្រាក់ចំណូលគ្រប់គ្រាន់ ក្នុងការសងត្រឡប់ឬទេ? និងសូមឲ្យប្រជាពលរដ្ឋប្រើប្រាស់គ្រឹះស្ថាន ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា នោះសិទ្ធិរបស់ពួកគាត់នឹងត្រូវបានការពារយ៉ាងពេញលេញ ព្រោះគាត់បានធ្វើការជាមួយ ក្រុមហ៊ុនដែលមានច្បាប់ត្រឹមត្រូវ៕