(ភ្នំពេញ)៖ រថយន្តស៊េរីទំនើបៗលួចនាំចូលអត់ពន្ធប្រមាណ ៥០០គ្រឿង ត្រូវបានកម្លាំងគយ និងរដ្ឋាកររកឃើញ និងរឹបអូសយកទុកនៅក្នុងឃ្លាំង។ ប្រតិបត្តិការរករថយន្តអត់ពន្ធកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការចាប់បានរថយន្តអត់ពន្ធទាំងនេះ គឺជាជោគជ័យនៃកិច្ចសហការគ្នារវាងគយ និងរដ្ឋាករកម្ពុជា ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានតភ្ជាប់តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ជាមួយនឹងគំនិតផ្តួចផ្តើមដឹកនាំដោយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមការជ្រោមជ្រែងពីអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ហើយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចដាក់ឱ្យដំណើរការយន្តការប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចែករំលែកទិន្នន័យចុះបញ្ជីយានយន្ត និងទិន្នន័យពន្ធនាំចូលយានយន្តទៅវិញទៅមក និងតាមដានភាពមិនប្រក្រតីពាក់ព័ន្ធទាំងនេះ។
ជាមួយនឹងកិច្ចសហការដ៏ល្អរវាងស្ថាប័នទាំងពីរបានផ្តល់នូវលទ្ធផលជាវិជ្ជមានជាច្រើន ដូចជាកាចុះបញ្ជីយានយន្តមានរយៈពេលខ្លីរហ័ស ធានាមិនមានការក្លែងបន្លំឯកសារសាធារណៈ ដែលអាចគេចផុតពីភ្នែកសមត្ថកិច្ច ទប់ស្កាត់ និងចាប់រថយន្តមិនបង់ពន្ធនាំចូល បង្កើនប្រសិទ្ធភាពការអនុវត្តការប្រមូលពន្ធនាំចូលយានយន្ត និងបង្កើនចំណូលថវិកាជាតិ។ តាមរយៈកិច្ចសហការនេះបានចូលរួមធ្វើឱ្យចំណូលពន្ធនាំចូលយានយន្ត មានការកើនឡើងប្រមាណ៣៤% ក្នុងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧។
ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនោះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ ក្រុមការងារអន្តរក្រសួងនេះ បានចុះពិនិត្យជាក់ស្តែងចំពោះរថយន្តមានភាពមិនប្រក្រតី ដែលមន្ដ្រីគយ និងរដ្ឋាករមានសមត្ថកិច្ចបានឃាត់ទុកនៅឃ្លាំងគយបណ្តោយមហាវិថីឈ្នះឈ្នះ។
បេសកកម្មនេះត្រូវបានដឹកនាំដោយលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារអន្តរក្រសួង តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនាក់ទំនងសាធារណៈ និងជាអនុប្រធានក្រុមការងារ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ។
ការចុះពិនិត្យរថយន្តជាក់ស្តែងនាពេលនោះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃលើភាពមិនប្រក្រតីនៃរថយន្តគ្មានបង្កាន់ដៃពន្ធនាំចូល មិនមានផ្លាកលេខ ពាក់ផ្លាកលេខក្លែងក្លាយ ពាក់ផ្លាកលេខបានពីផលចោរកម្ម រថយន្តកាត់ត និងមានបញ្ហាលេខតួ លេខម៉ាស៊ីន ម៉ូដែល និងឆ្នាំផលិត និងទ្រង់ទ្រាយផ្សេងជាដើម...។ល៕