(ភ្នំពេញ)៖ ក្រោយជួបពិភាក្សាជាមួយគណៈប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នេះរួចមក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននាំដំណឹងល្អមួយឱ្យដឹងថា នាចុងខែតុលា ឆ្នាំ២០១៩ ខាងមុនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ នឹងបើកជើងហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញទៅមកខេត្តដាណាង នៃប្រទេសវៀតណាម។
ការជួបពិភាក្សានេះ គឺដើម្បីសុំការគាំទ្រពីសំណាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះគម្រោងបើកការហោះហើរត្រង់ខាងលើ។
ក្រោយចប់កិច្ចពិភាក្សា លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា «ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air នឹងបើកឱ្យមានជើងហោះហើរត្រង់លើកដំបូង ពីភ្នំពេញទៅដាណាង នាថ្ងៃទី២៧ ខែតុលាខាងមុខ ហើយគាត់បានមកសុំការគាំទ្រពីក្រសួងទេសចរណ៍»។
ជាមួយនឹងការអបអរសាទរចំពោះគម្រោងតភ្ជាប់ជើងហោះហើរត្រង់នេះ លោក ថោង ខុន បានស្នើឱ្យក្រុមហ៊ុនត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ ពីព្រោះ Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍របស់ជាតិ។
លោកបានស្នើបន្ថែមឱ្យក្រុមហ៊ុនគិតគូរលើការបង្កើនជើងហោះហើរត្រង់ ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀត ពិសេសតំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជា ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ពីព្រោះកន្លែងដែលមានស្ថានអគ្គកុងស៊ុល ភ្ញៀវទេសចរងាយស្រួលក្នុងការសុំទិដ្ឋការមកកម្ពុជា។
ចំពោះសំណើខាងលើនេះ គណៈប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ក៏បានទទួលយកទៅពិចារណាជាមុនសិន ដើម្បីរៀបចំឱ្យមានការសិក្សាលើបញ្ហាពាក់ព័ន្ធបន្ថែមទៀត។
សូមជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ក៏មានជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅខេត្តដាណាងរួចមកហើយ។ ក្រៅពីនោះ ក្រុមហ៊ុនបាននិងកំពុងបើកការហោះហើរត្រង់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ពីខេត្តព្រះសីហនុទៅទីក្រុងប៉េកាំង ពីខេត្តព្រះសីហនុទៅខេត្តសៀមរាបជាដើម។
បើតាមការសម្លឹងឃើញរបស់លោករដ្ឋមន្ត្រី ថោង ខុន ខេត្តដាណាង ជាគោលដៅទេសចរណ៍អន្តរជាតិមួយដ៏ធំរបស់វៀតណាម ដូច្នេះទីនោះនឹងសម្បូរភ្ញៀវទេសចរមកពីប្រទេសទីបីច្រើន ដែលអាចបន្តការហោះហើរត្រង់មកទស្សនាកម្ពុជា ហើយការតភ្ជាប់នេះក៏ជាការងាយស្រួលសម្រាប់ភ្ញៀវទេសចរ ដែលចង់មកនៅភ្នំពេញ ឬហោះហើរត្រងពីភ្នំពេញទៅដាណាងផងដែរ។
លោកថា «អ្វីដែលសំខាន់ គឺដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសទីបី ឱ្យបានកាន់តែច្រើន»។
ក្រោយពីមានការរិះគន់ចំពោះបញ្ហាពន្យារពេល និងលុបចោលជើងហោះហើរ ក្រុមហ៊ុនបានកែសម្រួលសេវាកម្មរបស់ខ្លួនល្អប្រសើរច្រើនឡើងវិញហើយ ចាប់ពីដើមឆ្នាំ២០១៩នេះមក ហើយគណៈប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ក៏បានប្ដេជ្ញាពង្រឹងគុណភាពសេវាដឹកអ្នកដំណើររបស់ខ្លួនផងដែរ៕