(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាន លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីកាំកុងត្រូល ខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើតេស្តឃីតលើម្ហូបអាហារមួយចំនួន នៅផ្សារសួង ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា បានឲ្យដឹងថា ជាក់ស្តែងនៅថ្ងៃនេះ បានធ្វើតេស្តឃីតភ្លាមៗ លើម្ហូបអាហារមួយចំនួន ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នៅក្នុងគំរូផលិតផលទំនិញទាំងនោះឡើយ ក្នុងនោះរួមមាន៖
*ស្ករត្នោត ផលិតក្នុងស្រុកចំនួន៣គំរូ ដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់សូដ្យូមអុីដ្រូស៊ុលហ្វីត
*ណែម ផលិតក្នុងស្រុក ចំនួន២គំរូ ដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់
*ត្រីប្រឡាក់៥គំរូ ក្នុងនោះ២គំរូផលិតក្នុងស្រុក និង៣គំរូផលិតផលនាំចូលពីប្រទេសវៀតណាម។
ដោយឡែក មន្ត្រីកាំកុងត្រូលបានយកគំរូបន្លែនាំចូលពីប្រទេសវៀតណាមចំនួន១០មុខ និងផ្លែឈើ៨មុខ សរុប១៨មុខ ដើម្បីបព្ជាូនទៅវិភាគនៅមន្ទីរពិសោធន៏កាំកុងត្រូល ស្វែងរកសំណល់ថ្នាំពុលកសិកម្មនៅក្នុង ផលិតផលទាំងនោះ។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការបិទPoster ពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពអោយច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕