(តាកែវ)៖ រថយន្តដឹកដី ៤គ្រឿង និងអេស្កាវ៉ាទ័រ ១គ្រឿង ដែលធ្វើសកម្មភាពលួចកាយអាចម៍ដីយ៉ាងអនាធិបតេយ្យ គ្មានច្បាប់អនុញ្ញាតនៅចំណុចបឹងអូរតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលត្រូវបានអាជ្ញាធរក្រុងដូនកែវដឹកនាំដោយលោក កង អាណាន់ ជាអភិបាលក្រុង ចុះទៅឃាត់កាលពីម្សិលមិញទៅមិនទាន់បានពីរថ្ងៃស្រួលផង ស្រាប់តែគ្រឿងចក្រទាំងអស់នេះ ត្រូវបានដោះលែងវិញ។

ពាក់ព័ន្ធទៅបញ្ហានេះ លោក កង អាណាន់ បានប្រាប់ Fresh News ឲ្យដឹងថា ការដោះលែងនេះ គឺបន្ទាប់ពីឲ្យម្ចាស់គ្រឿងចក្រ ធ្វើកិច្ចសន្យា និងបានរាយការណ៍ទៅលោកអភិបាលរងខេត្ត ទទួលបន្ទុករ៉ែ និងថាមពល រួចរាល់ហើយផងដែរ។

លោក ខាន់ សុខា បានថ្លែងថា គ្រឿងចក្រទាំងអស់ ដែលធ្វើសកម្មភាពកាយដីបឹងដោយខុសច្បាប់នោះ ត្រូវបានអាជ្ញាធរក្រុងដូនកែវ ដោះលែងវិញហើយ ដោយមិនបានអ្វើការផាកពិន័យអ្វីនោះទេ គ្រាន់តែឲ្យម្ចាស់គ្រឿងចក្រធ្វើកិច្ចសន្យា ហើយរត់ទៅសុំច្បាប់ឲ្យបានត្រឹមត្រូវ ហើយបើនៅតែបន្តកាយដីបឹងដោយគ្មានច្បាប់តទៅទៀត ពេលអាជ្ញាធរចាប់ជាលើកទី២ និងចាត់ការទៅតាមច្បាប់តែម្ដង។

យោងតាមព័ត៌មានពីពលរដ្ឋនៅក្នុងក្រុងដូនកែវ បានលួចបង្ហើបថា ការកាយដីបឹងយកទៅលក់ក្នុងមួយឡានប្រមាណ ១០ដុល្លារ គឺមិនបានសុំច្បាប់អនុញ្ញាត ឬបង់ពន្ធឲ្យបានត្រឹមត្រូវនោះទេ ដោយពួកគេបានបង់លុយឲ្យខាងមន្ទីររ៉ែ និងអាជ្ញាធរក្រុងដូនកែវ ជាការស្រេច ហើយប្រសិនបើមានការចុះផ្សាយ តាមកាសែត ឬតាមហ្វេសប៊ុក អាជ្ញាធរគ្រាន់តែចុះទៅផ្អាក ឬចាប់យកសម្ភារជារថយន្តមួយទុកមួយថ្ងៃ ឬពីថ្ងៃគេប្រគល់ឲ្យវិញហើយ៕