(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ទទួលបានវត្ថុបុរាណចំនួន ៥ប្រភេទ ពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ យកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនាយកដ្ឋាន ដើម្បីចុះបញ្ជីទៅតាមបច្ចេកទេស និងរៀបចំសំណើ សម្រាប់យកទៅរក្សាទុកនៅសារមន្ទីរនរោត្តមសីហនុ-អង្គរ។
ការប្រគល់-ទទួលវត្ថុបុរាណខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្នុងនោះរួមមាន៖
១៖ បំណែកដងខ្លួនព្រះពុទ្ធរូបធ្វើពីថ្មភក់ មានកម្ពស់ ៦២សង់ទីម៉ែត្រ ទទឹង ៣៨សង់ទីម៉ែត្រ និងកម្រាស់ ១៨សង់ទីម៉ែត្រ។
២៖ បំណែកកញ្ចាំងធ្វើពីថ្មភក់ មានកម្ពស់ ៤៣សង់ទីម៉ែត្រ ទទឹង ៣៤សង់ទីម៉ែត្រ និងកម្រាស់ ៣០សង់ទីម៉ែត្រ។
៣៖ បំណែកភ្នែនទេវរូបធ្វើពីថ្មភក់ មានកម្ពស់ ១១សង់ទីម៉ែត្រ ទទឹង ១១សង់ទីម៉ែត្រ និងកម្រាស់ ៩សង់ទីម៉ែត្រ។
៤៖ ថូធ្វើពីដីដុត កម្ពស់ ២៥សង់ទីម៉ែត្រ និងទទឹង ២០សង់ទីម៉ែត្រ។
៥៖ ខួចធ្វើពីដីដុត កម្ពស់ ៧.៥សង់ទីម៉ែត្រ និងទទឹង ៨សង់ទីម៉ែត្រ។
សូមបញ្ចាក់ថា វត្ថុបុរាណទាំង៥ប្រភេទ ត្រូវបានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ទទួលបានតាមរយៈប្រជាជនដែលប្រទះឃើញដោយចៃដន្យក្នុងតំបន់ខ្លួនរស់នៅ ហើយរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ដែលមានសមត្ថកិច្ច ដើម្បីយកមករក្សាទុក។
បន្ទាប់ពីទទួលបានពីប្រជាពលរដ្ឋរួចមក កម្លាំងនគរបាលបានប្រគល់ឱ្យអាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងថែរក្សា។
រមណីយដ្ឋានអង្គរសម្បូរបុរាណដ្ឋាន មានសំណល់បុរាណវិទ្យាទាំងលើដី និងក្រោមដី ដូច្នេះអាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណជនចូលរួមថែរក្សា ជៀសវាងការជីកកកាយ ឬឈួសឆាយទីតាំងបុរាណដ្ឋាន និងរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ឬអាជ្ញាធរជាតិអប្សរា ក្នុងរកណីបានជួបប្រទះនូវបុរាណវត្ថុទាំងនោះ៕