(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋអាចទិញ ឬជ្រើសរើសយកលេខមួយចំនួន ដែលមានការថយចាប់ពី១ស៊េរី ដល់៥ស៊េរី និងទទួលបានការបញ្ចុះតម្លៃចាប់ពី៥០ភាគរយ រហូតដល់១០០ភាគរយ។
នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងទៀតថា ការទិញលេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ថយចាប់ពី១ស៊េរី បញ្ចុះថ្លៃ៥០%, ថយចាប់ពី២ស៊េរី បញ្ចុះថ្លៃ ៧៥%, ថយចាប់ពី៣ស៊េរីបញ្ចុះថ្លៃ ៩០%, ថយចាប់ពី៤ស៊េរី៖ បញ្ចុះថ្លៃ ៩៥%, ថយចាប់ពី៥ស៊េរីទៅ បញ្ចុះថ្លៃ១០០% (មិនគិតថ្លៃ)។
លោក ហ៊ាង សុធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការលក់លេខរថយន្តបញ្ចុះតម្លៃ ចំពោះការថយស៊េរីនេះ ដើម្បីជាការលើកទឹកចិត្ត ឲ្យអ្នកប្រើប្រាស់យានយន្ត ងាកមកប្រើលេខស៊េរីចាស់ៗ ដោយសារតែអ្នកប្រើប្រាស់យានយន្តភាគច្រើនចេះតែចង់ផ្លោះទៅស៊េរីថ្មីៗ ហើយលេខចាស់នៅសល់ច្រើន ដូច្នេះទើបជាការលើកទឹកចិត្ត ឲ្យអ្នកប្រើប្រាស់លេខស៊េរីចាស់ៗ ដើម្បីបានចំណូលកាន់តែច្រើនចូលរដ្ឋ។
លោកបន្តថា ចំពោះការផ្លោះស៊េរីវិញ ក្រសួងក៏មិនឃាត់ឃាំងនោះឡើយ ប៉ុន្តែការផ្លោះស៊េរីនេះ មានតម្លៃថ្លៃជាងធម្មតា ដែលវិធានការនេះ ដើម្បីកុំឲ្យអ្នកប្រើប្រាស់ចូលចិត្តផ្លោះស៊េរីច្រើនពេក។
ជាមួយគ្នានេះ នៅថ្ងៃទី២២ ខែសីហានេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ បានចេញសេចក្ដីជូនដំណឹង អំពីការប្រែប្រួល នៃតម្លៃលក់ស្លាកលេខរថយន្ដលក្ខណៈគ្រួសារ និងរថយន្ដធុនស្រាល ដែលកំពុងដាក់លក់តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
យោងតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ចំពោះការប្រែប្រួលតម្លៃនេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដោយបានកំណត់តម្លៃថ្មី ដូចជាតម្លៃមូលដ្ឋានក្នុងស៊េរីកំពុងចុះ តម្លៃមូលដ្ឋានក្នុងផ្លោះស៊េរី និងបានបញ្ចុះតម្លៃស៊េរីមួយចំនួន តាមតំបន់នីមួយៗ៕