(សៀមរាប)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអង្គការខេមសេហ្វ CaMSafe ក្រោមកិច្ចគាំទ្រថវិកា ពីស្ថាប័ន APIWSA និងសមាជិកជាដៃគូ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល បំប៉នបច្ចេកទេស សំដៅបង្កើនប្រសិទ្ធិភាពការរឹតបន្ដឹងច្បាប់ចរាចរណ៍ លើការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងកិច្ចជួយសង្រ្គោះជនរងគ្រោះ ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការចូលរួមពីឧត្ដមសេនីយត្រី តេង ចាន់ណាត ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ លោកវរសេនីយ៍ឯក ថី វិសាល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃអគ្គស្នងការនគរបាលជាតិ លោក កែវ ម៉ានិត តំណាងរបស់អង្គការ CaMSafe និងអ្នកនាង អូលីវីយែ័រ តំណាងស្ថាប័ន APIWSA និងមន្រ្តីដឹកនាំអនុវត្តជានគរបាលចរាចរណ៍ជុំវិញខេត្ត សរុបចំនួន៦០រូប។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឧត្ដមសេនីយត្រី តេង ចាន់ណាត បានថ្លែងអំណរគុណដល់កិច្ចសហការល្អរវាងដៃគូ ក្នុងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសអគ្គស្នងការនគរបាលជាតិ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលក្នុងពេលនេះ ស្របតាមតំរូវការជាក់ស្តែង និងចាំបាច់របស់ខេត្ត។
វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ មានគោលបំណង៖
១៖ បង្កើនចំណេះដឹងអំពីទិដ្ឋភាពទូទៅ នៃស្ថានភាពចរាចរណ៍ និងឥរិយាបថហនិភ័យ និងផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
២៖ បង្កើនចំណេះដឹងអំពីការធ្វើផែនការប្រតិបត្តិការ និងវិធានដោះស្រាយរាល់បញ្ហាប្រឈម លើការរឹតបន្តឹងចំពោះការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
៣៖ ពង្រឹងសមត្ថភាពជំនាញដាក់គោលដៅរឹតបន្តឹង និងប្រើប្រាស់ម៉ាស៊ីនវាស់ជាតិអាល់កុល ប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
៤៖ បង្កើនសមត្ថភាពដោយស្រាយ គ្រប់គ្រង និងធានាសុវត្ថិភាពគោលដៅ រឹតបន្តឹងច្បាប់ ក៏ដូចជាការអង្កេត កត់ត្រា ប្រមូលភស្តុតាង និងធ្វើរបាយការណ៍។
៥៖ ផ្ដល់ឲ្យនគរបាលចរាចរណ៍ទទួលបាននូវចំណេះដឹង ជំនាញ និងសម្ភារៈជួយសង្គ្រោះដល់ជនរងគ្រោះ នៅនឹងកន្លែងកើតហេតុមុនពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។
៦៖ បង្កើនសមត្ថភាពជំនាញ ដើម្បីបណ្តុះបណ្តាលបន្ត រួមជាមួយនឹងសមត្ថភាពអប់រំផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ឲ្យយល់ដឹងអំពីផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង។
សូមបញ្ជាក់ថា អង្គការ CaMSafe ក្រោមកិច្ចគាំទ្រពីស្ថាប័ន APIWSA នឹងបន្តសហការជាមួយ អគ្គស្នងការនគរបាលជាតិ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នា ជាមួយយុទ្ធនាការអបរំផ្សព្វផ្សាយបន្តបន្ទាប់ នៅក្នុងខេត្តព្រះសីហនុផងដែរ។
លោកវរសេនីយ៍ឯក ថី វិសាល បានប្រាប់ឱ្យដឹងថា យោងតាមរបាយការណ៍ របស់នគរបាលចរាចរណ៍ កាលពីឆ្នាំ២០១៨កន្លងផុតទៅ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣,២៦៧ករណី គឺមានការថយចុះ ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ដោយឡែកក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡីងចំនួន ២.១៧១លើក បណាលឱ្យសប់ចំនួន១.០៣៣នាក់ និងរបួសចំនួន ៣.២២៤នាក់។ ជាមធ្យមក្នុងមួថ្ងៃស្លា?ប់ចំនួន៦នាក់ និងរបួសចំនួន ១៨នាក់។ មូលហេតុបើកបរល្មើសល្បឿនកំណត់ ៣៧% មិនគោរពសិទ្ធិអាទិភាព២៤% មិន្របកន់ស្តាំ១២% បត់៨% វ៉ាជែង៩% ស្រវឹង៦% កត្តាយាន?៣% និងងងុយ១%។ ប្រៀបធៀបឆមាសទី១ (ឆ្នាំមុន) ឆ្នាំ២០១៨ គ្រោះកើនចំនួន ៥៣៨លើក (២.១៧១/១.៦៣៣លើក) ស្មើ៣៣% ស្លាប់កើននចំនួន ១០៣នាក់ (១.០៣៣/៩៣០នាក់) ស្មើ១១% និងរបួសេកីន ៨២៥នាក់(៣.២២៤/២.៣៩៩នាក់) ស្មើ៣៤%។
លោក កែវ ម៉ានិត មន្ត្រីសម្របសម្រួលគំរោងអង្គការ CaMSafe បានលើកឡើងថា តាមការព្យាករណ៍ប្រសិនបើគ្មានវិធានការទប់ស្កាត់ និងយន្តការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាក់លាក់ទេ នោះចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជានឹងកើនឡើងរហូតដល់ ៣២០០នាក់ នៅឆ្នាំ២០២០។ ដោយឆ្លើយតបនឹងបញ្ហាប្រឈម កិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលទាំងនេះ ក៏ដូចជាសកម្មភាពអតិភាពនានា រួមមានទាំងការពង្រឹងសមត្ថភាពរបស់មន្ត្រី និងផ្តល់សម្ភារៈធានាប្រសិទ្ធភាពឆ្លើយតប ការសង្រ្គោះជនរងគ្រោះ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ គឺជាការប្តេជ្ញាចូលរួមចំណែក ស្របតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១១-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការទស្សវត្សន៍អង្គការសហប្រជាជាតិ ដើម្បីសំដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរឱ្យបាន៥០%៕