(សៀមរាប)៖ បន្ទាប់ពីមានករណីផ្ទុះហ្គាសនៅក្រុងសៀមរាប បណ្តាលឱ្យមានអ្នករបួសធ្ងន់/ស្រាល ១៤នាក់ថ្មីៗនេះ ត្រូវលោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះ ចុះធ្វើកិច្ចសន្យា ណែនាំដល់ម្ចាស់ទីតាំងបញ្ចូល និងលក់ហ្គាសដែលគ្មានច្បាប់អនុញ្ញាត ចំនួន៥ទីតាំង ក្នុងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៩ នៅក្រុងសៀមរាប ដើម្បីឱ្យពួកគាត់ទៅសុំច្បាប់អនុញ្ញាត ឱ្យបានត្រឹមត្រូវនៅច្រកចេញចូលតែមួយរបស់រដ្ឋបាលសាលាខេត្តជាមុនសិន ទើបឱ្យរកទីតាំងថ្មី នៅក្រៅក្រុងសៀមរាប ដើម្បីបន្តអាជីវកម្ម កុំឱ្យមានករណីដូចការផ្ទះហ្គាស កាលពីប៉ុន្មានថ្ងៃមុន។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ ឱ្យដឹងថា ដោយមានការបង្អុលបង្ហាញ និងបញ្ជាពីលោកស្នងការនគរបាលខេត្ត ក៏ដូចជា លោក ទៀ សីហា អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាព បានឱ្យលោកចូលរួមសហការ ជាមួយមន្ត្រីចម្រុះរបស់រដ្ឋបាលសាលាខេត្ត ដើម្បីចុះធ្វើកិច្ចសន្យា និងណែនាំដល់ម្ចាស់ហាងបញ្ចូលហ្គាស និងលក់កំពុងហ្គាស ដែលគ្មានច្បាប់អនុញ្ញាតជាច្រើនឆ្នាំចំនួន ៥ទីតាំង ដើម្បីឱ្យពួកគាត់ទៅសុំច្បាប់ អនុញ្ញាតឱ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឱ្យពួកគាត់ទៅរកទីតាំងថ្មី នៅខាងក្រៅក្រុងសៀមរាប ដើម្បីបន្តអាជីវកម្ម កុំឱ្យមានករណីដូចការផ្ទះហ្គាស កាលពីប៉ុន្មានថ្ងៃមុនឱ្យសោះ។
លោកបានបញ្ជាក់ថា មុនចុះត្រួតពិនិត្យលើមូលដ្ឋានអាជីវកម្មឧស្ម័នឥន្ឋនៈ (បញ្ចូលហ្គាស) ចំនួន ៥ទីតាំងនោះ រួមមានទីតាំងទី១៖ ម្ចាស់ឈ្មោះ ហុង ប៊ុនលី ភេទប្រុស មុខរបរលក់ហ្គាស យីហោឈ្មោះ «ផៅវឺហ្គាស» រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប, ទីតាំងទី២៖ ម្ចាស់ឈ្មោះ សរ ប៊ុនឆាយ ភេទប្រុស មុខរបរលក់ហ្គាស យីហោ «ទាន់សម័យ» ទីតាំងទី៣ ៖ ម្ចាស់ឈ្មោះ ពៅ សាយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់បញ្ចូលហ្គាស យីហា «អង្គរហ្គាស» មានទីលំនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប, ទីតាំងទី៤៖ ម្ចាស់ឈ្មោះ លី សុខហេង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ហ្គាស និងបញ្ចូលហ្គាស គ្មានលើកស្លាកយីហោ បច្ចុប្បន្នមានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទីតាំងទី៥៖ ម្ចាស់ឈ្មោះ នូ សំណាង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ហ្គាស និងបញ្ចូលហ្គាស គ្មានលើកស្លាកយីហោ បច្ចុប្បន្នមានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកស្នងការរង បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីបានពិនិត្យមើលទីតាំងរួចមក ក្រុមការងារ បានធ្វើការណែនាំដល់ម្ចាស់ទីតាំងដូចខាងក្រោម៖ ត្រូវមានទីធ្លាអាជីវកម្មឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព, ត្រូវយកឧបករណ៍បញ្ចូលហ្គាសចេញពីកន្លែងលក់ហ្គាស, មិនត្រូវយកសំបកកំប៉ុង ដែលចាស់មកបញ្ចូល, មិនត្រូវបញ្ចូលហ្គាសឱ្យលើសចំណុះរបស់កំប៉ុង, មិនត្រូវផ្ទេរ ឬបញ្ចូលឧស្ម័ននៅតាមអគារ ឬផ្ទះល្វែងទីតាំងអាជីវកម្ម ដែលមិនមានលិខិតអនុញ្ញាតិ, គោរពតាមសេចក្តីណែនាំស្តីពីការប្រកបអាជីវកម្មលក់ បញ្ចូល ដឹកជញ្ជូនចែកចាយ និងស្តុកទុកឧស្ម័នឥន្ឋនៈ ក្នុងខេត្តសៀមរាប របស់រដ្ឋបាលខេត្តសៀមរាប, ត្រូវសុំលិខិតអនុញ្ញាតិ ពីមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប, ត្រូវផ្អាកជាបណ្តោះអាសន្ន នៅសកម្មភាពនានា រហូតទទួលបានលិខិតអនុញ្ញាតិ ពីមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប ឱ្យបានរួចរាល់ជាមុនសិន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៩កន្លងទៅនេះ នៅកណ្តាលក្រុងសៀមរាប មានករណីផ្ទុះឆេះ កន្លែងស្ថានីយ៍បញ្ចូលហ្គាស រថយន្ត ២៤ម៉ោង គ្មានច្បាប់១កន្លែង បណ្តាលឱ្យឆាបឆេះគ្មានសល់ រហូតខូចខាត ដល់ផ្ទះអ្នកជិតខាង ព្រមទាំងមានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់/ស្រាល១៤នាក់ ក្នុងនោះមានជនបរទេសស្រី្ដ២នាក់ ជាគ្រូបង្រៀន ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ទីតាំងស្ថានីយ៍បញ្ចូលហ្គាសនោះ មានម្ចាស់ឈ្មោះ ឈុក ឈុនលី ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរលក់ហ្គាស មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ក្រោយពីមានហេតុការដ៏រន្ធត់បែបនេះកើតឡើង ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសថា ទីតាំងណាដែលរងការឆាបឆេះនោះ កន្លងមកពុំមានច្បាប់អនុញ្ញាតទេ ប៉ុន្តែបានដំណើរការអស់ពេល ជាច្រើនឆ្នាំមកហើយ៕