(បាត់ដំបង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តចុះត្រួតពិនិត្យផទំនិញជាច្រើនមុខ ដែលបានដាក់តាំងលក់នៅក្នុងផ្សារថ្មី នៅសង្កាត់ព្រែកព្រះ ក្រុងបាត់ដំបង និងផ្សារសង្កែ ក្នុងឃុំអន្លង់វិល ស្រុកសង្កែ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញដែលដាក់សារធាតុគីមីហាមឃាត់ ដោយបានត្រួតពិនិត្យនៅតាមតូប-ផ្ទះល្វែង ដែលដាក់តាំងលក់ ព្រមទាំងបានធ្វើតេស្តបឋម ទៅលើសរសៃគុយទាវ (តូច-ធំ) សរសៃមី ជ្រក់ត្រសក់ ជ្រក់ស្ពៃ ប្រហិតសាច់គោ សាច់ក្រក ជាលទ្ធផលពុំមានទំនិញខូចគុណភា និងដាក់សារធាតុគីមីហាមឃាត់ទេ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានឲ្យដឹងថា ដោយបានបំពេញនាទីរបស់ខ្លួន និងមានការណែនាំនឹងរឹតបន្តឹង ពីអគ្គនាយកដ្ឋានកាំកុងត្រូលឲ្យចុះធ្វើជាប្រចាំរួចមក សាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្រ្តីជំនាញទាំងអស់ តែងបានចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ គ្រប់គ្នាជាអ្នកប្រើប្រាស់ផ្ទាល់។
លោក ហាក់ សុខរិន បានបន្តថា មន្រ្តីសាខាកាំកុងត្រូលទាំងអស់ តែងបានចុះអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយៈបិទស្ទិកឃើ នៅនឹងកន្លែងលក់ក្នុងផ្សារ ឬតាមប្រព័ន្ធផ្សាយផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ទាំងអស់ថា «យើងនាំគ្នាប្តេជ្ញាចូលរួមទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀតផងដែរ» ។ ជាក់ស្តែងក្រុមការងារបានចុះត្រួតពិនិត្យផ្សារទាំង២ខាលើ ពុំមានរកឃើញសារធាតុគីមីលាយក្នុងម្ហូបអាហារនោះទេ នេះឆ្លុះបញ្ចាំងឲ្យឃើញថា ប្រជាពលរដ្ឋមានយល់ដឹងច្រើនជាងមុន ពីផលប៉ះពាល់សុខភាពដោយសារប្រើប្រាស់អាហារប្រចាំថ្ងៃ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់នាំគ្នា ចូលរួមទប់ស្កាត់ និងឈប់ប្រើប្រាស់ទំនិញខូចគុណភាព និងលាយសារធាតុគីមីហាមឃាត់ ដែលធ្វើខូចសុខភាពអ្នកប្រើប្រាស់យើងទាំងអស់គ្នាផងដែរ៕