(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលវត្ថុកម្ពុជា បានប្ដេជ្ញាចិត្តកៀរគរវិនិយោគិនបរទេស ឲ្យមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ឲ្យកាន់តែច្រើនឡើង ខណៈបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងតែដំណើរទៅរកភាពកាន់តែល្អប្រសើរឡើងៗ។
ការលើកឡើងបែបនេះរបស់លោក ច្រឹក សុខនីម ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមប្រធានបទ «ការរីកចម្រើនលើវិស័យអចលនទ្រព្យ ក្នុងតំបន់អាស៊ាន» ដោយមានសមាជិករបស់សមាគមប្រមាណ៣០រូបចូល។
លោក ច្រឹក សុខនីម បានឲ្យដឹងថា ជាក់ស្ដែងសម្រាប់ការចូលរួម របស់សមាគមពេលនេះ គឺបានលើកយកចំណុចសំខាន់៣យ៉ាងទៅចែករំលែក ក្នុងកិច្ចប្រជុំរួមមាន៖ ១៖ លើកយកប្រធានបទទាក់ទិន នឹងការអភិវឌ្ឍន៍នៅសម័យបច្ចេកវិទ្យា ចូលក្នុងទីផ្សារអចលនទ្រព្យ, ២៖ តើវិស័យបច្ចេកវិទ្យាអាចជួយឲ្យ វិស័យអចលនទ្រព្យរីកច្រើនបែបម៉េច? និងទី៣៖ និយាយពីភាពរីកចម្រើនរបស់វិស័យអចលនទ្រព្យនៅកម្ពុជា ដើម្បីឲ្យសាកលលោកបានដឹង។
លោកបន្ដថា «ក្នុងកិច្ចប្រជុំនេះរឿងដែលចាំបាច់បំផុត គឺធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគបរទេស ឲ្យចាប់អារម្មណ៍ និងមកវិនិយោគនៅកម្ពុជា ដោយផ្ដើមសំណួរថា ហេតុអ្វីបានត្រូវមកវិនិយោគ នៅប្រទេសកម្ពុជា»។
លោកបញ្ជាក់ថា «ក្នុងនាមជាប្រធានសមាគមខ្ញុំនឹងខិតខំប្រឹងប្រែង ដើម្បីទាក់ទងអ្នកវិនិយោគ ចូលមករកស៊ីនៅកម្ពុជា តាមរយៈការចូលមកដំណើរកំសាន្ដ ឬការធ្វើជំនួញជាដើម។ ពីមុនមកខាងសមាគមបានធ្វើរឿងនេះជាច្រើនមកហើយ តាមបណ្ដាលប្រទេសនីមួយៗដូចជា ប្រទេសថៃ និងប្រទេសផ្សេងៗទៀត»។
លោកបន្ថែមថា «សម្រាប់ខ្ញុំ ខ្ញុំនឹងរៀបចំធ្វើយ៉ាងណា ដើម្បីឲ្យអ្នកវិនិយោគិនចាប់អារម្មណ៍ និងមើលប្រទេសកម្ពុជាដោយផ្ទាល់ និងមើលឃើញពីភាពរីកចម្រើន របស់វិស័យនេះនៅកម្ពុជា និងដឹងថាកម្ពុជាមានភាពរីកចម្រើនប៉ុណ្ណា។ មួយវិញទៀតអ្នកវិនិយោគ នៅក្រៅប្រទេសមួយចំនួន មិនបានដឹងពីព័ត៌មានលម្អិតនៅកម្ពុជាឡើយ ដូច្នេះពួកយើងជាតួអង្គសំខាន់ ក្នុងការលើកទង់ជាតិកម្ពុជា ឲ្យពិភពលោកបានស្គាល់»។
លោក ច្រឹក សុខនីម ឲ្យដឹងបន្ថែមថា ជាក់ស្ដែងសម្រាប់កិច្ចប្រជុំនេះ នឹងលើកយកបញ្ហាសំខាន់ៗរួមមាន៖ និយាយពីការអភិវឌ្ឍន៍លំនៅដ្ឋាន, និយាយអំពីបច្ចេកវិទ្យា និងនិយាយពីបទពិសោធន៍ជោគជ័យ លើវិស័យអចលនទ្រព្យ របស់បណ្ដាប្រទេសអាស៊ាន៕