(សៀមរាប)៖ អ្នកជំនាញសិលាចារឹកនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា សិលាចារឹករបស់បុព្វបុរសខ្មែរប្រមាណជាង ១,៤០០ផ្ទាំង (ភាសាខ្មែរបុរាណ និងបាលីសំស្ក្រឹត) ត្រូវបានស្រាវជ្រាវរកឃើញ និងចុះបញ្ជីរួចរាល់ ហើយយ៉ាងហោចណាស់ សិលាចារឹកជាង ១,០០០ផ្ទាំង ត្រូវបានបកប្រែរួច និងខ្លះទៀតកំពុងបន្តការបកប្រែមកជាភាសាខ្មែរសម័យបច្ចុប្បន្ន។
កញ្ញា ឆោម គន្ធា អ្នកជំនាញសិលាចារឹក នៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដែលចំណុះក្រោមអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យដឹងថា មានភស្ដុតាងមួយចំនួនដែលបង្ហាញថា មនុស្សសម័យដើមចាត់ទុកសិលាចារឹកជាវត្ថុសក្ការបូជា ប្រៀបដូចជាព្រះបដិមាដូច្នោះដែរ តួយ៉ាងផ្ទាំងចម្លាក់នៅប្រាសាទបាយ័ន ដែលក្នុងនោះគេឃើញមានកិច្ចពិធីមួយ ដោយមានផ្ទាំងសិលាចារឹកតម្កល់នៅកន្លែងខ្ពស់មួយ និងមានមនុស្សម្នារៀបចំកិច្ចពិធីអបអរ និងលើកតម្កើង។
ការបញ្ជាក់នេះត្រូវធ្វើឡើងក្នុងបាឋកថាស្ដីពី «សាកល្បងពិនិត្យមើលសិលាចារឹកកម្ពុជា តាមក្រសែភ្នែកមនុស្សសម័យមុន» នៅអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ។
បើតាមកញ្ញា ឆោម គន្ធា អក្សរថ្ម ឬសិលាចារឹក គឺជាវត្ថុដែលគេការពារយ៉ាងយកចិត្តទុកដាក់។ លើសពីនេះទៅទៀត មានភស្តុតាងខ្លះបញ្ជាក់ថា អ្នកស្រុកសម័យដើមចារសិលាចារឹកទុកសម្រាប់ជាការបង្រៀនមនុស្សទូទៅឲ្យស្គាល់ «ធម៌» ពោលគឺធ្វើតែបុណ្យ មិនធ្វើបាប។
កញ្ញា ឆោម គន្ធា បានបន្តថា សិលាចារឹកបើនិយាយសង្ខេបទៅ គឺទាក់ទងនឹងព្រះ និងព្រះរាជា គឺសុទ្ធតែជាអ្នកគួរគោរពបូជា មិនមានចារអំពីប្រធានបទផ្សេង ដូចជាការបូកលេខនព្វន្ដខាងគណិតសាស្រ្ដអ្វីទេ។
មែនទែនទៅ មនុស្សសម័យបុរាណស្ទើរទាំងអស់ មិនថាតែជនជាតិខ្មែរទេ តែងគោរពអក្សរ ឬអត្ថបទសំណេរ ព្រោះអក្សរនេះប្រហែលជាបច្ចេកវិទ្យាទីមួយ ដែលមនុស្សជាតិបានបង្កើតឡើង ហេតុនេះមិនមានអ្វីគួរឆ្ងល់ទេថា មនុស្សនាំគ្នាគោរពកោតខ្លាចអក្សរ ឬសំណេរ។
កញ្ញាបន្តទៀតថា មកដល់បច្ចុប្បន្ននេះ សិលាចារឹកប្រមាណជាង ១,៤០០ផ្ទាំង ត្រូវបានស្រាវជ្រាវរកឃើញ និងចុះបញ្ជីរួចរាល់ ក្នុងនោះមានទាំងភាសាខ្មែរបុរាណ និងបាលីសំស្រ្កឹត។ យ៉ាងហោចណាស់ សិលាចារឹកប្រមាណជាង ១,០០០ផ្ទាំង ត្រូវបានបកប្រែរួច និងខ្លះទៀតកំពុងបន្តបកប្រែ។
កញ្ញា ឆោម គន្ធា បានពន្យល់ថា អ្វីដែលសំខាន់នោះ តាមការបញ្ជាក់របស់អ្នកជំនាញ សិលាចារឹកជាភាសាសំស្ក្រឹតនិពន្ធនៅប្រទេសកម្ពុជា មានភាពល្បីល្បាញជាងសិលាចារឹកជាភាសាសំស្ក្រឹតដូចគ្នានៅប្រទេសឥណ្ឌា ជាស្រុកដើមនៃភាសានេះទៅទៀត ដែលភាពល្បីល្បាញនោះ គឺឃើញច្បាស់ទាំងរូបរាង និងអត្ថន័យ៕