(ភ្នំពេញ)៖ នៅដើមឆមាសទី១ ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជា បាននាំចេញអង្ករបានជិត ៩៣,០០០តោន ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប (EU) ដែលវាជាចំនួនដ៏ច្រើនមួយ ប៉ុន្តែបរិមាណនេះ គឺបានត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដោយសារវាជាឆ្នាំទីមួយ ដែលសហគមន៍អឺរ៉ុប បានកំណត់យកពន្ធលើការនាំចូល ដើម្បីជួយដល់អ្នកផលិត ក្នុងសហគមន៍អឺរ៉ុប។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការកំណត់ពន្ធនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កសិករកម្ពុជាជាង ៥០០,០០០គ្រួសារ ដែលប្រឹងប្រែងចិញ្ចឹមជីវិតដោយ ការដាំដុះ ស្រូវក្រអូបផ្កាម្លិះ ស្រូវក្រអូបគ្រាប់វែង ដែលប្រភេទពូជស្រូវទាំងនេះ បានដាំដុះ នៅក្នុងតំបន់ភូមិសាស្ត្រ ជាក់លាក់មួយ ហើយមិនប្រកួតប្រជែងដោយផ្ទាល់ ជាមួយផលិតផល បានដាំដុះនៅក្នុងសហគមន៍អឺរ៉ុបនោះឡើយ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ទៀតថា «បញ្ហាទាំងនេះធ្វើឲ្យយើងឈឺចាប់ មិនទាន់គ្រប់គ្រាន់នៅឡើយទេ តែឥឡូវសហគមន៍អឺរ៉ុប កំពុងពិចារណា ដកនូវប្រព័ន្ធកម្មវិធីអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺបានអនុញ្ញាតឲ្យទំនិញពីកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត បាននាំចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ដោយរួចពន្ធនាំចូល និងអាករណ៍ផ្សេងៗ។ អ្នកតាក់តែងច្បាប់របស់ សហគមន៍អ៊ឺរ៉ុប កំពុងគំរាមកំហែង ឈានដល់ការបញ្ចប់នូវការអនុគ្រោះនេះ ដើម្បីដាក់សម្ពាធឲ្យមានការកែទម្រង់ នយោបាយនៅកម្ពុជា។ ការវាយបំផ្លាញមួយដែលនាំឲ្យ ឧស្សាហកម្ម ស្រូវអង្ករ ត្រូវខ្ទេចខ្ចី និងប៉ះពាល់ដល់ជីវភាពគ្រួសារកសិករ»។
ចាប់តាំងពីឆ្នាំ២០០១មក ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗលើកលែងតែអាវុធ EBA មិនត្រឹមតែបានជួយសម្រួលនូវចរន្តទំនិញ សម្រាប់កម្ពុជាប៉ុណ្ណោះទេ តែវាក៏បានផ្តល់គោលនយោបាយ ធានាសុវត្ថិភាពមួយលើសេដ្ឋកិច្ចទាំងមូល ដែលអាចផ្តល់លទ្ធភាពឲ្យមានកំណើន ដ៏ខ្លាំងក្លា និងឧត្តមភាព នៃកំណើនតម្រូវការពី ទីផ្សារពិភពលោកផងដែរ។
អង្ករកម្ពុជា ត្រូវបានផលិតឡើងស្របតាមបទដ្ឋានអន្តរជាតិ ហើយសហព័ន្ធស្រូវអង្ករកម្ពុជា ជួយដល់អ្នកផលិតឲ្យអនុវត្ត ស្របតាមកម្មវិធីដែលរៀបចំឡើង ដោយជំរុញឲ្យគោរពគោលការណ៍ បង្កបង្កើនផលប្រកបដោយសីលធម៌ ការទទួលខុសត្រូវ និងមានចីរភាព។ វាជាគោលដៅសម្រាប់លើកកម្ពស់នូវប្រព័ន្ធមួយ ដែលមានសមធម៌ ហើយផ្តល់ផលប្រយោជន៍ជាក់លាក់ដល់ប្រជាកសិករ។
នៅក្នុងបរិបទដ៏ជាក់លាក់នេះ ការពង្រីកការដាំដុះកំពុងកើនឡើងនៅកម្ពុជា ក្រោមបទដ្ឋានគោលនយោបាយ និរន្តភាពស្រូវ (Sustainable Rice platform- SRP)។ ប្រភេទពូជស្រូវ ត្រូវបានដាំដុះក្រោមលក្ខខណ្ឌតាមដានយ៉ាងជាក់លាក់ ស្របតាមបទដ្ឋានផលិតផល និងគោលការទទួលស្គាល់សមធម៌ពាណិជ្ជកម្ម។
ស្រូវសរីរាង្គ (SRP) ដែលទទួលស្គាល់ដោយ អង្គការសហប្រជាជាតិ ផ្នែកបរិដ្ឋាន (UNEP) និងវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) បានបញ្ជាក់ថា មិនមានជាតិពុល ចេញពីជីគីមី និងថ្នាំពុលកសិកម្ម ហើយស្របតាមគោលការណ៍អនុវត្តន៍បរិដ្ឋានស្អាត និងសមធម៌ពលកម្ម។ ផលប្រយោជន៍ត្រូវបានធ្លាក់ទៅលើសហគមន៍សកិសកម្ម ដែលចូលរួមជំរុញលើតម្កើងផ្តល់ឱកាសដល់ស្ត្រី ហើយស្របតាមយុទ្ធសាស្ត្របម្រែបម្រួលបរិយាកាស។
បើគ្មាន EBA នោះការប្រឹងប្រែងទាំងប៉ុន្មានក្លាយជាអសាបង់។ ហេតុនេះ សហព័ន្ធស្រូវអង្ករ សូមទទូចស្នើសុំដល់សហគមន៍អឺរ៉ុប ឲ្យជួយលើកកម្ពស់ជីវភាព ប្រជាកសិករ កម្ពុជាជាងកន្លះលានគ្រួសារ និងបន្តជួយរក្សាការងារ ដែលបាននិងកំពុងធ្វើកន្លងមក៕