(ភ្នំពេញ)៖ ប្រធានកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ បានបេ្តជ្ញាចិត្តពង្រីកសកម្មភាពមនុស្សធម៌ របស់ខ្លួនឲ្យកាន់តែខ្លាំងក្លា ដើម្បីធានាប្រសិទ្ធភាព នៃការផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះ ជនរងគ្រោះ និងជនងាយរងគ្រោះនានាឲ្យបានទាន់ពេវេលា។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានថ្លែងក្នុងពិធីប្រកាសតែងតាំង លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដោយខិតខំប្រឹងប្រែងបំពេញបេសកកម្មមនុស្សធម៌ ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងបុព្វហេតុរួមចំណែកក្នុងវិស័យ មនុស្សធម៌តាមរយៈ ការជួយសង្គ្រោះជីវិតមនុស្ស ការដោះស្រាយភាពខ្វះខាត និងទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ។
លោកអភិបាលរាជធនីភ្នំពេញ បានថ្លែងថា កិច្ចខំប្រឹងប្រែងក្នុងសកម្មភាពមនុស្សធម៌នេះ ក្នុងន័យជួយពនឿនការកាត់បន្ថយអត្រាភាពក្រីក្រ ការអភិវឌ្ឍសហគមន៍ និងការលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង។
លោកបន្តថា «ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតបចែករំលែកការលំបាក របស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើនក្នុងការ ជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ រួមមានចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយទុរគត ស្ត្រីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ជាពិសេសបានអន្តរាគមន៍បានទាន់ ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញដូចជា៖ ព្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ ព្រោះរាំងស្ងួត បាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ស្របតាមទិសស្លោក ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានកោតសរសើរដល់កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ ដែលបានបំពេញបេសកកម្មភាព មនុស្សក្នុងមូលដ្ឋានរបស់ខ្លួន បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។
លោកស្រី បានអះអាងថា ការរៀបចំរចនាសម្ព័ន្ធរបស់សាខា ថ្នាក់រាជធានីរហូតដល់សហគមន៍ដ៏រឹងមាំនេះ បានផ្តល់សេវាត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយនឹងជួយសម្រាលទុក្ខលំបាក របស់ជនរងគ្រោះ និងជនងាយរងគ្រោះប្រកបដោយប្រសិទ្ធភាព ហើយទាន់ពេលវេលា។ លោកស្រីបានសង្កត់ធ្ងន់ថា «ការងារមនុស្សធម៌ ជាការងារដ៏ធំធេងធ្ងន់ធ្ងរ តែវាឧត្តុង្គឧត្តមណាស់មិនអាច តួរអង្គណាម្នាក់ ស្ថាប័នណាមួយ ឬប្រទេសណាមួយ អាចសម្រេចកិច្ចការនេះតែឯកឯងបានឡើយ។ ដូច្នេះចាំបាច់ឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងការជួយឧបត្ថម្ភគាំទ្រពីសម្បុរជនជាតិ -អន្តរជាតិ នានាបន្ថែមទៀត ដើម្បីឲ្យស្ថាប័ន្ធមនុស្សមួយនេះកាន់តែបំពេញ បាននូវតួនាទីរបស់ខ្លួនជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនានានៅក្នុងសង្គម»៕