(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្ររយៈពេលពីរថ្ងៃជាប់គា្ន គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្មវិធីប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩នេះ (Cambodia National Barista Championship 2019) បានរកឃើញបេក្ខជនជ័យលាភី ចំនួន៣រូប។
ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា២០១៩ ទទួលបានភាពជោគជ័យ និងដំណើរការល្អ ដោយការផ្តួចផ្តើមគំនិត និងកិច្ចសហការ ពីក្រសួងទេសចរណ៍, សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមភោជនីយដ្ឋានកម្ពុជា ព្រមទាំងអ្នករៀបចំកម្មវិធីដោយក្រុមហ៊ុន ខូហ្វី និងវិទ្យាស្ថាន ខូហ្វី ក៏ដូចជាម្ចាស់សហការឧបត្ថមកម្មវិធី និងដៃគូសហការ។
លោកស្រី គីម ឈាន តំណាងមកពីក្រុមហ៊ុន ខូហ្វី បញ្ជាក់ថាយ៉ាងដូច្នេះថា៖ «បន្ទាប់ពីធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៅឯផ្សារទំនើប Aeon l យើងរកឃើញបេក្ខភាព ទទួលជ័យលាភីទាំង ៣រូបហើយ សម្រាប់ការប្រកួតប្រជែងឆុងកាហ្វេ ថ្នាក់ជាតិប្រចាំឆ្នាំ២០១៩នេះ»។
លោកស្រីបន្តថា តាមរយៈការវាយតម្លៃយ៉ាងផ្ចិតផ្ចង់ និងផ្តល់ពិន្ទុពីសំណាក់គណៈកម្មការជាតិ និងអន្តរជាតិទាំង៩រូប បានសម្រេចចិត្តជ្រើសរើស៖
*ជ័យលាភីលេខ១ ទៅលើបេក្ខភាព កុសល និស្ស័យ ទទួលបាន៖ ម៉ាស៉ីនកាហ្វេ Astoria Greta AEP & Mazzer Mini Manual, វិញ្ញាបនបត្រពីក្រសួងទេសចរណ៍, ថ្នាក់ជំនាញឆុងកាហ្វេកម្រិតមធ្យម, តំណាងការប្រកួតបន្តនៅក្រៅប្រទេស
*ជ័យលាភីលេខ២ ទៅលើបេក្ខភាព ម៉េត គីមមាឃ ទទួលបាន៖ ម៉ាស៉ីនកាហ្វេ DeLonghi EC 685 & DeLonghi KG 521M, វិញ្ញាបនបត្រពីក្រសួងទេសចរណ៍ និងថ្នាក់ជំនាញឆុងកាហ្វេកម្រិតមធ្យម
*ជ័យលាភីលេខ៣ ទៅលើបេក្ខភាព ណុប កក្កដា ទទួលបាន៖ ម៉ាស៉ីនកាហ្វេ DeLonghi EC 35.31 & DeLonghi KG 89, វិញ្ញាបនបត្រពីក្រសួងទេសចរណ៍ និងថ្នាក់ជំនាញឆុងកាហ្វេកម្រិតមធ្យម។
ជាមួយគ្នានេះ លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍ បានលើកឡើងថា វិស័យកាហ្វេកំពុងមានទីផ្សារច្រើន ជាពិសេសការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ឆ្នាំ២០១៩នេះ នឹងរួមចំណែកធ្វើឲ្យយុវជនជំនាន់ក្រោយ មានជំនាញក្នុងការឆុងកាហ្វេ មិនថាក្នុងហាង ក្នុងសណ្ឋាគារ មានជំនាញច្បាស់លាស់។ លោកបន្តថា បើនៅស្រុកគេវិញ អ្នកឆុងកាហ្វេ មានសមត្ថភាពខ្ពស់ៗណាស់ ហើយកម្ពុជាវិញទើបតែចាប់ផ្តើមប៉ុន្មានឆ្នាំនេះទេ ដែលសម្បូរអ្នកជំនាញឆុងកាហ្វេ។
លោក លូ ម៉េង បញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពនេះ លើកស្ទួយយុវជនជំនាន់ក្រោយ ឲ្យមានជំនាញឆុងកាហ្វេ កាន់តែច្រើនក្នុងប្រទេស។ ក្នុងនាមជាប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ខ្ញុំសប្បាយចិត្តគាំទ្រពេញទំហឹងថា ការងារនេះយើងអាចធ្វើតទៅមុខទៀត ដោយសារ Barista (អ្នកឆុងកាហ្វេ) នៅទូទាំងប្រទេសគេត្រូវការច្រើនណាស់»។
សូមបញ្ជាក់ថា កម្មវិធីការប្រកួតឆុងកាហ្វេថ្នាក់ជាតិ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១០ ដោយគោលបំណងធំ នៃការប្រកួតប្រជែង មានបួនចំណុចសំខាន់ៗ៖
១៖ ផ្តល់នូវវេទិកាមួយសម្រាប់គ្រប់វិស័យទាំងអស់ នៃឧស្សាហកម្មកាហ្វេ ដើម្បីចែករំលែកព័ត៌មាន និងរួមគ្នាលើកកម្ពស់ ការប្រើប្រាស់កាហ្វេ និងអាជីវកម្មកាហ្វេ
២៖ បង្កើតការយល់ដឹង និងលើកកម្ពស់ឧស្សាហកម្មកាហ្វេនៅកម្ពុជា
៣៖ ធ្វើបទបង្ហាញពីឧស្សាហកម្មកាហ្វេ នៅវេទិកាជាតិ និងអន្តរជាតិ
៤៖ លើកទឹកចិត្តយុវជនជំនាន់ក្រោយ ក៏ដូចជាលើកកម្ពស់ជំនាញឆុងកាហ្វេ នៅទូទាំងប្រទេស៕