(ភ្នំពេញ)៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនិងមតិណែនាំរបស់នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សមេ្តចតេជោ ហ៊ុន សែន ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ សាកលវិទ្យាល័យការពារជាតិ បានរៀបចំជូននាយទាហានជាបុគ្គលិក យោធាចារ្យ និស្សិតនិងសិក្ខាកាម ចូលរួមស្តាប់ការអប់រំផ្សព្វផ្សាយ និងស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន៥៧០នាក់ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សម្រាប់ជួយជីវិតជនរងគ្រោះ ដោយឧបទ្ទវហេតុផ្សេងៗ។
ក្នុងឱកាសនោះ លោកឧត្តមសនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរងសាកលវិទ្យាល័យការពារជាតិ បានលើកឡើងនូវប្រសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ ដល់បុគ្គលិក និស្សិត និងសិក្ខាកាមអោយចូលរួមរាល់សកម្មភាពជួយដល់សង្គមជួយដល់ប្រជាជនដែលរងគ្រោះត្រូវការឈាមសង្គ្រោះជីវិត។
លោកនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានចាត់ទុកការអប់រំផ្សព្វផ្សាយអំពី នៃការផ្តល់ឈាមនេះជាការបណ្តុះនូវពុទ្ធិដ៏មានសារៈសំខាន់ ដល់និស្សិតនិងសិក្ខាកាមនាយទាហានបានយល់ដឹង ២ចំណុចរួមមាន៖
*ទី១៖ អំពីសិល្បៈ ឬវប្បធម៌នៃការចែករំលែកសម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងទិវាកាកបាទក្រហម ៨ឧសភា ឆ្នាំ២០១៩នេះថា សិល្បៈឬវប្បធម៌ នៃការចែករំលែកនៅក្នុងចំណោមប្រជាជនកម្ពុជា របស់យើងពិតជា មានអត្ថន័យធំធេង និងជ្រាលជ្រៅខ្លាំងណាស់ប្រសិនបើប្រជាពលរដ្ឋរបស់យើង មិនមានការយោគយល់អធ្យាស្រ័យ និងមានសិស្បៈនៃការចែករំលែកនោះទេ នោះយើងអាច នឹងជួបការលំបាក។ វប្បធម៌ចែករំលែកគឺជាសិល្បៈ នៃការជួយគ្នា គឺជាទង្វើនៃការជួយគ្នា។ ការបង្ហាញភក្តីភាព និងការប្រគល់ភាពកក់ក្តៅទៅដល់នរណាម្នាក់ គឺជាទង្វើផ្តល់សេចក្តីសុខទៅដល់ បុគ្គលនោះ។
*ទី២៖ កងទ័ពគឺជាកូនចៅរបស់ប្រជាជន ហើយកើតចេញពីប្រជាជន ដូចនេះធ្វើអ្វីៗ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ការផ្តល់ឈាមរបស់យើងក្នុងថ្ងៃនេះ គឺជាការជួយដល់ជនរងគ្រោះ ដែលគាត់ជាប្រជាជនយើង។ នេះហើយជាការអនុវត្តទិសស្លោករបស់សម្តេចតេជោ ហ៊ុន សែន៖ «កងទ័ពគឺជាខឿនការពារជាតិរបស់ប្រជាជន»។ កងទ័ពជាតិកម្ពុជា គឺត្រូវតែមានសមត្ថភាព មានវិន័យថ្លៃថ្នូរ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់នូវសង្រ្គាម និងទប់ស្កាត់នូវបដិវត្តន៍ពណ៌ គ្រប់ប្រភេទឱ្យបាន។ កងទ័ពគឺជាចំណុចស្នូលដ៏សំខាន់របស់ជាតិ។ ដោយសារតែខឿនការពារជាតិរបស់ប្រជាជននេះហើយ ដែលយើងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ទប់ស្កាត់បដិវត្តន៍ពណ៌ និងទប់ស្កាត់ការឈ្លានពានពីបរទេសផងដែរ។
និស្សិតនិងសិក្ខាកាមនាយទាហានបានស្តាប់បទឧទ្ទេសនាមរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងបានបកស្រាយរាល់ចម្ងល់ពាក់ព័ន្ធនឹងការផ្តល់ឈាម។ជាលទ្ធផលទទួលបានការផ្តល់ឈាមពីបុគ្គលិក និស្សិតនិងសិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិព្រឹកនេះចំនួន ១២០នាក់ស្មើនឹង ១២០ប្លោក។
នៅក្នុងពិធីបរិច្ចាគឈាមនោះ ក៏មាននិស្សិតបរទេសកំពុងសិក្សាភាសាខ្មែរ (ជនជាតិវៀតណាម) ២០រូបផងដែរ៕