Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកផ្ដល់ថវិកាជាង៤២ម៉ឺនដុល្លារ សម្រាប់គម្រោងស្រាវជ្រាវសំណល់គ្រាប់បែកចង្កោមនៅកម្ពុជា

21-08-2019 18:58

(ភ្នំពេញ)៖ អង្គភាពស៊ីម៉ាក់ និងអង្គការ NPA នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហការប្រតិបត្តិការជាដៃគូ លើគម្រោងស្រាវជ្រាវ សំណល់គ្រាប់បែកចង្កោម នៅភាគខាងកើត នៃប្រទេសកម្ពុជា ដែលមានទឹកប្រាក់ចំនួន៤២៥,០០០ដុល្លារអាមេរិក។

ការចុះហត្ថលេខាខាងលើនេះ ដោយមានការចូលរួមពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងលោក Rune Kristian Dale-Andresen ប្រធានអង្គការ NPA ប្រចាំនៅកម្ពុជា។

បើតាមលោក ហេង រតនា បានបញ្ជាក់ថា «គម្រោងនេះ គាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈអង្គការ NPA ពង្រីកបន្ថែមលើគំរោងជំនួយ ដែលបានទទួលក្នុងឆ្នាំ២០១៩ មានចំនួន១.៦លានដុល្លារ ដែលនាំឲ្យជំនួយសរុបមានចំនួនជាង២លាន ១សែនដុល្លារ»។

លោក ហេង រតនា បានបន្ដថា គម្រោងថវិកាបន្ថែមនេះ មានរយៈពេលពេល៧ខែ (០៥ សីហា ២០១៩ ដល់២៩ កុម្ភៈ ២០២០) ហើយនិងចុះស្រាវជ្រាវ ក្នុងភូមិចំនួន៧៤៤ភូមិ នៅតាមបណ្តាខេត្តចំនួន៧ ដូចជា៖ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀងជាដើម។

ជាមួយគ្នានោះ អគ្គនាយកស៊ីម៉ាក់បានបន្ថែមទៀតថា ក្រោយពេលស្រាវជ្រាវព័ត៌មាន ពីទីតាំងបញ្ហាចំការគ្រាប់បែកចង្កោមរួចហើយ និងរៀបចំផែនការបោសសម្អាតទីតាំងទាំងនោះ តាមតំរូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន៕